ដោយៈ គង់ សូរិយា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា តាមរយៈទំនាក់ទំនងដ៏ល្អ រវាងប្រមុខរដ្ឋាភិបាលទាំងពីរ និងមិត្តភាពជាដែកថែបកម្ពុជា ចិនបានធ្វើឲ្យអ្នកធុរកិច្ចចិនត្រលប់មកកម្ពុជាបណ្តើរៗហើយ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី៤ តុលានេះថា ភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា ចិន បាននិងកំពុងជម្រុញឲ្យអ្នកវិនិយោគចិនមកកម្ពុជាឡើងវិញបណ្តើរៗ ហើយយើងសង្ឃឹមថា រដ្ឋាភិបាលចិននឹងបន្ឋូរបនថយការធ្វើចត្តាឡីស័ក្ត និងលក្ខខ័ណ្ឌមួយចំនួនទៀត។
លោកបន្តថា “យើងកំពុងស្វាគមន៍ អ្នកវិនិយោគមកពីប្រទេសទាំងអសស់ទាំងអាមេរិក អឺរ៉ុប ជប៉ុន ដោយយើងមិនរំពឹងតែចិនតែមួយនោះទេ”។លោកបន្តថា “យើងមានច្រើនច្រក ដើម្បីជម្រុញសន្ទុះសេដ្ឋកិច្ចរបស់យើងកាន់តែរីកចម្រើនមួយកម្រិតទៀត”។
លោកឧកញ៉ាលឹម ហេងបានបន្តថា ការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់យើងបាន និងកំពុងមានភាពល្អប្រសើរនៅឆ្នាំនេះ បើទោះជាវិស័យ អចលនទ្រព្យស្ថិតក្នុងសភាពទ្រឹងបន្តិចក្តី។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាប្រៀបដូចជាបន្ទាយដែលអាចរកផលចំណេញបានច្រើន ហេតុនេះអ្នកវិនិយោគចិនកាន់តែច្រើននឹងមកកាន់កម្ពុជាឡើងវិញ។
លោកបន្តថា “ចិនបានរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍន៍កម្ពុជា ជាពិសេសក្រុងព្រះសីហនុ ដែលមានភាពលេចធ្លោសព្វថ្ងៃនេះ បើសិនជាគ្មានចិន អ្នកវិនិយោគក្នុងស្រុកត្រូវចំណាយពេល១០ ទៅ២០ឆ្នាំអាចមិន ធ្វើបានផង”៕