ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបណ្ដាញ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងរៀបចំចេញជាផែនទីបណ្ដាញផ្លូវឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
ក្នុងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ លើពង្រាងចុងក្រោយផែនទីបណ្ដាញផ្លូវថ្នល់ឆ្នាំ២០២០ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានក្រុមការងាររៀបចំផែនទី បណ្ដាញផ្លូវថ្នល់ឆ្នាំ២០២០ បានគូសបញ្ជាក់ពី ការរីកចម្រើនឥតឈប់ឈរ នៃបណ្ដាញផ្លូវថ្នល់របស់កម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ ដែលចាំបាច់ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាពផែនទី បណ្ដាញផ្លូវថ្នល់ឱ្យបានត្រឹមត្រូវជារៀងរាល់៥ឆ្នាំម្ដង ក្នុងទិសដៅលើកកម្ពស់ទិន្នន័យផ្លូវថ្នល់ឱ្យកាន់តែមានភាពសុក្រឹត្យភាព ងាយស្រួលក្នុងការគ្រប់គ្រង ជួសជុល និងថែទាំប្រកបដោយប្រសិទ្ធភាព។