ដោយ: លាងហួរ
ហុងកុង: យោងតាមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Centaline បានឱ្យដឹងថា ប្រតិបត្តិការអចលនទ្រព្យ នៅក្នុងទីក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់កម្រិតទាប ជាប្រវត្តិសាស្ត្រនៅឆ្នាំ២០២២នេះ។
ការព្យាករណ៍ទុកអំពីការដាំក្បាលចុះ នៃប្រតិបត្តិការនេះបណ្តាលមកពីការបិទខ្ទប់ទីក្រុងក្នុងឆមាសទី១ និងការកើនឡើងនៃអត្រាការប្រាក់នៅក្នុងឆមាសទី២។
-->
ទីភ្នាក់ងារCentaline បានឱ្យដឹងថា ប្រតិបត្តិការលក់អចលនទ្រព្យអាចឈានដល់៦៥.០០០នៅឆ្នាំនេះ។ ប្រសិនបើដូចការព្យាករណ៍ វានឹងក្លាយជាប្រតិបត្តិការអចលនទ្រព្យ ប្រចាំឆ្នាំទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៦នេះបើយោងតាមកំណត់ត្រារបស់រដ្ឋាភិបាល។
លោក Wong Leung-sing នាយករងជាន់ខ្ពស់នៃការស្រាវជ្រាវនៅ ទីភ្នាក់ងារCentalineបាននិយាយថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ទំហំនៃការលក់សរុប មានចំនួន៤៧.៨៨៦នៃអគារលំនៅដ្ឋាន ចំណតរថយន្ត អចលនទ្រព្យបែបឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលមានតម្លៃសរុបចំនួន៤៦៥,៩ពាន់លានដុល្លារហុងកុង (៥៩,៤ពាន់លានដុល្លារ) ហើយចំនួនប្រតិបត្តិការសម្រាប់ពេញមួយឆ្នាំនេះ រំពឹងនឹងធ្លាក់ចុះ៣៦,៦ភាគរយ ខណៈដែលតម្លៃនឹងធ្លាក់ចុះ៣៤ភាគរយ បើធៀបនឹងឆ្នាំ២០២១កន្លងមក។

ជាងនេះទៅទៀត ហុងកុងបាននឹងកំពុងដំឡើងអត្រាការប្រាក់ ចាប់តាំងពីខែមីនា។ បច្ចុប្បន្ននេះអាជ្ញាធររូបិយវត្ថុហុងកុង បានដំឡើងអត្រាការប្រាក់មូលដ្ឋានរបស់ខ្លួន៥ដង ក្នុងឆ្នាំនេះរហូតដល់៣,៥ភាគរយ ដែលជាកម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ។
ទីភ្នាក់ងារ Centaline បានរាយការណ៍ថា យូនីតលំនៅដ្ឋានថ្មីសរុបចំនួន៨៩៦៨ ដែលមានតម្លៃប្រហែល៩៨,៩ពាន់លានដុល្លារហុងកុង ត្រូវបានលក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ដែលទាបជាង៣០,១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ខណៈតម្លៃសរុបទាបជាង៤៤,៩ភាគរយ។
ទំហំនៃការលក់នៅក្នុងទីផ្សារបន្ទាប់(Secondary market)មានចំនួន២៥.៣៨៣យូនីត ដែលមានតម្លៃប្រហែល២២៦,៣ពាន់លានដុល្លារហុងកុងក្នុងអំឡុងខែមករា ដល់ខែកញ្ញា ដោយបរិមាណធ្លាក់ចុះ៤០,១ភាគរយ និងតម្លៃធ្លាក់ចុះ៤១,៣ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន៕
