ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងរយៈពេល៩ខែចុងក្រោយនេះនៃឆ្នាំ ២០២២២ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ បានចូលទៅកាន់តំបន់ផ្លូវជាតិ៥១។
តំបន់អភិវឌ្ឍន៍នេះ ផ្តោតលើប៉ែកខាងលិចរាជធានីភ្នំពេញ ដែលគំរោងទាំងនេះធ្វើឡើង ដើម្បីអភិវឌ្ឍន៍លំនៅឋានជូនប្រជាពលរដ្ឋ ដែលមានតម្រូវការក្នុងនោះឃើញថា ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ មានសន្ទុះកាន់តែច្រើន។
-->
លោកង៉ឺយធី ជំនួយការអគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ KH Land ដែលអភិវឌ្ឍន៍នៅតំបន់ប៉ែកខាងលិច រាជធានីភ្នំពេញបាននិយាយឲ្យដឹងនាព្រឹកថ្ងៃទី៥ តុលានេះថា ក្នុងរយៈពេល៩ខែចុងក្រោយនេះ លោកបានមើលឃើញថា មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានចូលទៅកាន់តំបន់តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង ( ផ្លូវ៥១) កាន់តែច្រើននិងបានធ្វើសកម្មភាពសាងសង់លំនៅឋាន សម្រាប់ផ្គត់ផ្គង់តាមតម្រូវការអតិថិជន ក្នុងនោះដែរលំនៅឋានតម្លៃសមរម្យឃើញថា មានទីផ្សារនិងសន្ទុះនៃការអភិវឌ្ឍច្រើននៅក្នុងតំបន់នោះ ។

លោកបន្តថា “ក្នុងវិបត្តិកូវីដ១៩ ទីផ្សារអចលនទ្រព្យទាំងដីឡូត៏ និងផ្ទះឃើញថាមានការថមថយមួយម្រិត ពីព្រោះតែអំឡុងពេលនេះ ប្រជាពលរដ្ឋមួយចំនួនមានបញ្ហានឹងហិរញ្ញវត្ថុ ដោយបាត់ចំណូលហើយចំណូល ដែលទទួលបាន គឺសម្រាប់ទុកចំណាយការចំាបាច់ប៉ុណ្ណោះ ដោយមិនមានការទិញលក់អចលនទ្រព្យខ្លាំងនោះទេ”។ លោកបន្តថា “ក្រោយមកទៀតនៅក្នុងឆ្នាំ២០២២ ដោយសារតែស្ថានភាពបានធូរស្រាលក៏ឃើញថា អាជីវកម្មជាច្រើន ចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងវិញ ធ្វើឱ្យប្រាក់ចំណូលពលរដ្ឋក៏កើនឡើងទៅតាមនោះ នឹងធ្វើឱ្យការទិញលក់អចលនទ្រព្យក៏មានជាហូរហែរឡើងវិញ”។
លោកធីបានបន្តទៀតថា សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋាន និងដីឡូត៏របស់ក្រុមហ៊ុន KH Land ក៏បានបន្តសកម្មភាពអភិវឌ្ឍន៍របស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជនផងដែរ ក្នុងនោះក្រុមហ៊ុនបានអភិវឌ្ឍន៍ហេ ដ្ឋារចនាសម្ព័ន្ធថ្មីៗ ទាំងក្នុងគម្រោងនិងក្បែរគម្រោង ដើម្បីឱ្យពលរដ្ឋដែលបានទិញគម្រោងពីក្រុមហ៊ុនកាន់តែមានទំនុកចិត្តខ្ពស់។
លោកបន្ថែមថា កត្តាដែលជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានចូលមកកាន់តំបន់ផ្លូវជាតិ៥១ ដើម្បីអភិវឌ្ឍន៍គម្រោងរបស់ខ្លួននោះដោយយើងឃើញថា ក្រុមហ៊ុនវិនិយោគធំៗ ដូចជា ក្រុមហ៊ុនកាណាឌីយ៉ាបាន និងកំពុងមមាញឹកក្នុងការសាងសង់ឃ្លាំង រោងចក្រ ដោយរំពឹងថានៅពេលឆាប់ៗខាងមុខនេះ ពោលគឺនៅពេលរោងចក្រដំណើរការ នឹងមានមនុស្សមករស់នៅ និងធ្វើការនៅតំបន់នោះកាន់តែច្រើន ដែលនឹងធ្វើឱ្យការអភិវឌ្ឍនៅតំបន់កាន់តែមានសក្ដានុពលបន្ថែមទៀត ។

ចំណែកលោកបូ សេងហួរ ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពង់ស្ពឺក៏បានឱ្យដឹងផងដែរថា តំបន់តាមបណ្ដោយផ្លូវលេខ៥១ បានក្លាយជាតំបន់ ដែលមានសក្ដានុពលទាក់ទាញ លើការអភិវឌ្ឍឧស្សាហកម្មនិងលំនៅឋានតម្លៃ ដោយមានក្រុមហ៊ុនថ្មីៗជាច្រើន បានចូលទៅកាន់តំបន់នោះដើម្បីអភិវឌ្ឍន៍ ហើយបានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នោះ កាន់តែមានកំណើន និងរក្សាបានកំណើនល្អ ទោះបីស្ថិតនៅក្នុងវិបត្តិនាពេលកន្លងមកក្ដី ។
តំបន់ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងផែនការនិងគោលនយោបាយរបស់រដ្ឋាភិបាល រៀបចំជាតំបន់ឧស្សាហកម្ម ដោយរោងចក្រ សហគ្រាសជាច្រើននឹងរើចេញពីរាជធានីភ្នំពេញ ទៅកាន់តំបន់នោះកាន់តែច្រើននាពេលអនាគត៕
