ដោយ: លាងហួរ
សេអ៊ូល: ក្រសួងឧស្សាហកម្មបានឱ្យដឹងនៅថ្ងៃពុធនេះថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់ប្រទេសកូរ៉េខាងត្បូង បានកើនឡើង១៨,២ភាគរយ ធៀបនឹងរយៈពេល៩ខែដំបូងនៃឆ្នាំមុន ដោយសារកំណើនដ៏រឹងមាំ នៃការវិនិយោគក្នុងវិស័យកម្រិតខ្ពស់ ដូចជា បន្ទះឈីប និងថ្មអាគុយ។
យោងតាមទិន្នន័យ របស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា ប្រទេសនេះបានទទួលលំហូរ FDI មានតម្លៃ២១,៥២ពាន់លានដុល្លារ ក្នុងអំឡុងខែមករាដល់ខែកញ្ញា បើធៀបនឹង១៨,២១ពាន់លានដុល្លារ ដែលបានកត់ត្រាកាលពីឆ្នាំមុន។ ទិន្នន័យបានបង្ហាញថា វាជាលើកទីមួយហើយ ដែលប្រទេសកូរ៉េខាងត្បូងទទួលបានលំហូរFDI ច្រើនជាង២០ពាន់លានដុល្លារ នៅត្រីមាសទីបី។
ប្រទេសនេះបានមើលឃើញការកើនឡើងនៃការវិនិយោគពីបរទេស នៅក្នុងវិស័យជឿនលឿនដូចជា semiconductor រថយន្តអគ្គិសនី និងថ្មអាគុយ។ មូលដ្ឋានផលិតកម្មមានស្ថេរភាព កម្លាំងពលកម្ម និងបច្ចេកវិទ្យាច្នៃប្រឌិត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល បានទាក់ទាញការវិនិយោគពីបរទេស។
នៅក្នុងផ្នែកឧស្សាហកម្ម វិស័យផលិតកម្មបានទទួលការវិនិយោគចំនួន៧,៨ពាន់លានដុល្លារ ច្រើនជាងពីរដងធៀបនឹងឆ្នាំមុន។ យ៉ាងណាក្តី លំហូរFDI ហូរចូលវិស័យសេវាកម្មបានធ្លាក់ចុះ១១,៥ភាគរយមកត្រឹម១២,៦៧ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែកញ្ញា។
វិនិយោគិនសហរដ្ឋអាមេរិក បានសន្យាថា នឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់៧,១៣ពាន់លានដុល្លារ ក្នុងអំឡុងពេលដែលបានលើកឡើង កើនឡើង១១៥,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ តួលេខពីប្រទេសជប៉ុនក៏បានកើនឡើង៤២,៩ភាគរយ ដល់១,០៤ពាន់លានដុល្លារ។
ទិន្នន័យបានបង្ហាញថា ការវិនិយោគពីសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានធ្លាក់ចុះ៥៥ភាគរយមកត្រឹម៣,៣ពាន់លានដុល្លារ ដោយសារតែឥទ្ធិពលមូលដ្ឋានខ្ពស់ ហើយលំហូរវិនិយោគពីប្រទេសចិន ហុងកុង សិង្ហបុរី តៃវ៉ាន់ និងម៉ាឡេស៊ី បានធ្លាក់ចុះ១៤,៩ភាគរយ កាលពីឆ្នាំមុន មកត្រឹម៤,៣៣ពាន់លានដុល្លារ៕