ស្តាប់អ្នកជំនាញនិយាយពីទីផ្សារអចលនទ្រព្យក្នុងខេត្តសៀមរាប

0

ដោយៈ សុផារី

សៀមរាប: ជាខេត្តមួយល្បីល្បាញលើឆាកអន្តរជាតិ ពិសេសជាមុខមាត់និងដូងព្រលឹងកម្ពុជា តើខេត្តសៀមរាប មានសក្តានុពលលើវិស័យអចលនទ្រព្យឬទេ ក្នុងមួយរយៈពេលចុងក្រោយនេះ?។

ក្រោយពេលរាជរដ្ឋាភិបាល បើកប្រទេសអស់រយៈពេលជាងពាក់​កណ្ដា​លឆ្នាំមកនេះ ស្ថានភាពទេសចរណ៍មានភាពល្អប្រសើរ។ តើស្ថានភាពអចលនទ្រព្យ ក្នុងខេត្តទេសចរណ៍មួយនេះ មានភាពល្អប្រសើរឡើងពិតមែនឬ?។

លោក កែវ សុធារ៉ា អគ្គនាយកក្រុមហ៊ុន KW ប្រចាំខេត្តសៀមរាប បានបញ្ជាក់ប្រាប់ Property Area Asia កាលពីសប្តាហ៍កន្លងមកថា “សម្រាប់ស្ថានភាពនៅក្នុងខែសីហា ឆ្នាំ២០២២ មានភាពល្អប្រសើរជាងស្ថានភាពនៅក្នុងខែមិថុនា និងកក្កដាកន្លងមក ទាំងគម្រោងអភិវឌ្ឍន៍ និងប្រភេទអចលនទ្រព្យ ដែលមាននៅក្នុងទីផ្សារស្រាប់”។

លោកសុធារ៉ាបញ្ជាក់ថា “កំណើនឡើងវិញនៃចរន្តទិញ លក់អចលនទ្រព្យនៅក្នុងខេត្តសៀមរាប ជំរុញដោយតម្រូវការជាក់ស្តែង របស់អតិថិជន ដែលទិញហើយធ្វើការសាងសង់តែម្ដង។ ក្រៅពីនេះក៏មានក្រុមអ្នកវិនិយោគដែលទិញទុកដើម្បីរកផលចំណេញនាពេលអនាគត”។ លោកបន្ថែមថា “អតិថិជនដែលប្រើប្រាស់ផ្ទាល់ ទិញសម្រាប់ការសាងសង់ ជាតម្រូវការរបស់ពួកគាត់តែម្ដង។ វាដល់ពេលហើយ។ ចំណែកអ្នកវិនិយោគក្នុងពេលនេះ គាត់ទិញសម្រាប់យកចំណេញនៅថ្ងៃក្រោយ”។

យ៉ាងណាក្តី លោក ឡុង គីមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance បានមានប្រសាសន៍កាលពីសប្តាហ៍កន្លងទៅថា សម្រាប់វិស័យអចលនទ្រព្យក្នុងខេត្តសៀមរាប នៅតែបន្តពឹងផ្អែកទៅលើទេសចរណ៍។

លោក គីមសួគ៌ បានលើកឡើងថា ទោះបីជាវិស័យទេសចរណ៍បានងើបឡើងវិញបណ្តើរៗក្តី តែនៅមិនទាន់មានភាពទូលំទូលាយខ្លាំង ដែលធ្វើឱ្យអចលនទ្រព្យនៅក្នុងខេត្តមួយនេះ មិនទាន់មានការឡើងថ្លៃខ្លាំង និងមិនសូវមានការដោះដូរច្រើននោះទេ។

ទាក់ទងនឹងគម្រោងវិនិយោគទីក្រុងថ្មី ក្នុងខេត្តសៀមរាប លោកគីមសួគ៌បានមានប្រសាសន៍ថា គម្រោងមួយនេះ ក៏នៅមិនទាន់មានដំណើរការនៅឡើយ ដោយសារជាគម្រោងនេះ ទាមទារអ្នកវិនិយោគិនបរទេស។

លោកព្យាករថា “វិស័យចលនទ្រព្យ នៅក្នុងខេត្តសៀមរាប ទាមទាររយៈពេល តិចបំផុត១ទៅ៣ឆ្នាំទៀត ទើបអាចមានសកម្មភាពល្អប្រសើរឡើងវិញ”។

អ្នកតាមដានការវិវត្តន៍នៃទីផ្សារអចលនទ្រព្យនៅកម្ពុជា និងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការរៀបចំផែនការទេសចរណ៍ រយៈពេលវែង២០២០ ២០៣០របស់រដ្ឋាភិបាល គំរោងវិនិយោគថ្មីៗមួយចំនួនលើឧស្សា​ហកម្មទេសចរណ៍ ការ​សាងសង់ព្រលានយន្តហោះលំដាប់អ​ន្តររជាតិថ្មី គំរោងកសាងទីក្រុងថ្មីនៅកៀកព្រលានយន្តហោះក្នុងស្រុកសូទ្រនិគម និងផែនការកសាងផ្លូវជាតិ​ឆ្លងកាត់ទន្លេសាប ទៅកាន់ក្រុងបាត់ដំបង ក៏ជាផ្នែកមួយបាន និងកំពុងលើកកំពស់វិស័យនេះនៅខេត្តសៀមរាបផងដែរ។

លោកបន្តថា “ទោះជាយ៉ាងណាទីផ្សារអចលនទ្រព្យ នៅទីក្រុងសៀ​មរាប នៅតែពឹងអំណាចនៃការទិញ ពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនៅឡើយ ដោយសារអំណាចនៃការទិញ ពីពលរដ្ឋមូលដ្ឋាននៅមានកម្រិត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here