ដោយ៖ សុផារី
សៀមរាប៖ បន្ទាប់ពីប្រជាពលរដ្ឋច្រើននាក់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានលើកគ្នាមកសាលាឃុំ ដើម្បីសួរនាំករណីអាជ្ញាធរ ករណីឲ្យពួកគាត់ចាកចេញពីភូមិកំណើត ទៅរស់នៅភូមិរុនតាឯក សម្តេចតេជោ ហ៊ុន សែន បានផ្តាំថា សម្តេចនឹងបញ្ជូនលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកស្រី ភឿង សកុណា ទៅជួបប្រជាពលរដ្ឋ ដើម្បីពន្យល់ណែនាំករណីនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកសន្និសីទ “ចក្ខុវិស័យកម្ពុជាឆ្នាំ ២០២២” នាព្រឹកថ្ងៃទី ៦ ខែតុលានេះថា កាលពីថ្ងៃម្សិលមិញ ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ខេត្តសៀមរាប មានការប្រមូលផ្ដុំតវ៉ាមួយ ពីសំណាក់ប្រជាពលរដ្ឋនៅទីនោះតែម្ដង។
-->
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនទាន់បានគិតគូរដល់ការរុះរើសំណង់ពលរដ្ឋ នៅក្នុងភូមិព្រះដាក់នៅឡើយនោះទេ ដោយរាជរដ្ឋាភិបាលកំពុងសិក្សាពីការស្តារបារាយខាងកើត ដែលធ្លាប់មានសមត្ថភាពស្តុកទឹករហូតដល់៣០ម៉ឺនម៉ែត្រគូប។ ការស្តារបារាយនេះ គឺអាចនឹងប៉ះពាល់ជាមួយពលរដ្ឋខ្លះនៅភូមិព្រះដាក់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “នៅឯឃុំព្រះដាក់ ខេត្តសៀមរាប ដែលម្សិលមិញនេះ មានការប្រមូលផ្ដុំការតវ៉ាមួយ ដោយប្រជាពលរដ្ឋទូទាំងឃុំនោះតែម្ដង អំពីការរើចេញពីឃុំព្រះដាក់ មកកាន់រុនតាឯក ខ្ញុំក៏គួរតែត្រូវនិយាយថា យើងមិនទាន់បានមានការប៉ះពាល់ណាមួយ ទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះ មានគេហៅថា បារាយណ៍ខាងកើត ដែលអាចមានទឹករហូតទៅដល់៣០ម៉ឺនម៉ែត្រគីប ប៉ុន្តែជាមួយនឹងការគិតគូរបែបនេះ យើងក៏បានដឹងដែរថា ឃុំព្រះដាក់ ត្រូវបានកសាងឡើងប្រមាណជា៣០០ ៤០០ឆ្នាំ រួចមកហើយ”។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងបញ្ជូនលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅជួបប្រជាពលរដ្ឋនៅឃុំព្រះដាក់នៅថ្ងៃស្អែក ដើម្បីពន្យល់ប្រជាពលរដ្ឋនៅទីនោះតែម្ដង៕
