ដោយៈ ជេស៊ីកា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ឃុំចំនួន20 នៃស្រុកមួយចំនួនរបស់ខេត្តកណ្តាល ឱ្យធ្វើជាចំណុះនៃខណ្ឌចំនួន៤ របស់រាជធានីភ្នំពេញ ក្នុងផែនការពង្រីកក្រុងឱ្យកាន់តែមានទំហំធំ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ និងសេដ្ឋកិច្ចសង្គម។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ខណ្ឌសែនសុខ មានចំនួន3ឃុំ ដែលត្រូវបានកាត់ចេញពីស្រុកពញាព្ញ ឱ្យធ្វើជាចំណុះរបស់ខ្លួន រួមមានឃុំពញាពន់ ឃុំព្រែកព្នៅ និងឃុំសំរោង។ ដោយឡែក ខណ្ឌឫស្សីកែវមានចំនួន2ឃុំ ត្រូវបានកាត់ចេញពីស្រុកមុខកំពូល រួមមាន ឃុំកោះដាច់ និងឃុំបាក់ខែង។
សម្រាប់ខ័ណ្ឌច្បារអំពៅមាន4ឃុំ ដែលត្រូវបានកាត់ចេញពីស្រុកកៀនស្វាយ រួមមាន ឃុំវាលស្បូវ ឃុំព្រែកឯង ឃុំក្បាលកោះ និង ឃុំព្រែកថ្មី។ ជាមួយគ្នានេះ ខណ្ឌដង្កោ មានចំនួន 11ឃុំ ដែលត្រូវបាន កាត់ពីស្រុកក ណ្តាលស្ទឹង រួមមាន ឃុំព្រែកកំពឹស ឃុំស្ពានថ្ម ឃុំទៀន ឃុំរលួស និង ឃុំគងនយ និងបាន កាត់ពីស្រុកអង្គស្នួលចំនួន 6 ឃុំ រួមមាន ឃុំពន្សាំង ឃុំស្នោ ឃុំឪឡឹក ឃុំបឹងធំ ឃុំកំបូល និង ឃុំកន្ទោក។
នៅក្នុងផែនការអភិវឌ្ឍ និងក្នុងប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញ ឆ្នាំ2035 ផ្ទៃដីមួយផ្នែកធំរបស់ខេត្តកណ្តាល នឹងបន្តកាត់ចូលមកជាចំណុះរដ្ឋបាលរាជធានីភ្នំពេញ ។ ដូច្នេះ ផ្ទៃដីរបស់រាជធានីភ្នំពេញ នឹងកាន់តែមានទំហំ ខណៈបច្ចុបន្ននេះ មានផ្ទៃដីទំហំប្រមាណ700 គីឡូម៉ែត្រក្រឡា ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ទីក្រុងភ្នំពេញកាលពីមុនមានត្រឹមតែ300 គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែក្រោយប្រទេសមានសុខសន្តិភាព និងការអភិឌ្ឍន៍លើគ្រប់វិស័យ បានធ្វើឱ្យដីរាជធានីភ្នំពេញ ត្រូវបានពង្រីកជាបន្តបន្ទាប់ និងបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាជាងមុន។
តាមរយៈការពង្រីកក្រុងនេះ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋាន និងអចលនវត្ថុ ក៏បានពង្រីកខ្លួនទៅតាមជាយក្រុង និងមួយផ្នែកនៃខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងប្រជាសាស្រ្ត រួមជាមួយនឹងចលនាមករស់នៅ និងធ្វើការរបស់ប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តចូលមកក្នុងទីក្រុងភ្នំពេញ៕