ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា មកបច្ចុប្បន្ននេះ នៅតែបន្តជួបបញ្ហាសម្រាប់ទីផ្សារ ដែលផ្ដោតលើជនបរទេស ខណៈជនបរទេសចូលក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២នេះ បានចាប់ផ្ដើមកើនឡើងវិញធៀបនឹងឆ្នាំ២០២១កន្លងទៅ ។
អគ្គនាយកនៃក្រុមហ៊ុន ERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឱ្យដឹងកាលពីសប្តាហ៍នេះថា រយៈពេល៩ខែ ដើមឆ្នាំ២០២២នេះ បើយើងធៀបនឹងឆ្នាំ ២០២១កន្លងទៅយើងឃើញថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង ប៉ុន្តែបើយើងក្រលេកទៅមើលមុនកូវីដទីផ្សារខុនដូក្នុងពេលបច្ចុប្បន្ននេះ មិនទាន់បានប្រសើរឡើងនៅឡើយ ។
-->

លោកបន្តថា “យើងបានឆ្លងកាត់នូវវិបត្តិអស់រយៈពេល២ឆ្នាំ គឺឆ្នាំ ២០២០ និងឆ្នាំ ២០២១ហើយចូលដល់ឆ្នាំ ២០២២ ទីផ្សារក៏ចាប់ផ្ដើមមានកំណើនឡើងវិញតែក្នុងនោះដែរ ភាគច្រើនផ្ដោតលើទីផ្សារក្នុងស្រុក “។លោកបន្តថា “សម្រាប់គម្រោងខុនដូដែលផ្ដោតលើទីផ្សារបរទេស នៅតែបន្តមានជួបប្រទះនឹងបញ្ហា”។
លោកខន គង្គាបានបន្តថា ក្រោយពីវិបត្តិកូវីដ១៩បានធូរស្រាល កម្ពុជា ក៏ដូចជា ពិភពលោកទាំងមូល ក៏បានជួបនឹងវិបត្តិមួយទៀតគឺ វិបត្តិស ង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកបន្តមានបញ្ហានិងថមថយ។
លោកបន្ថែមថា “ទីផ្សារខុនដូ ដែលអ្នកអភិវឌ្ឍន៍ ផ្ដោតលើទីផ្សារក្នុងស្រុកវាមិនសូវជាមានបញ្ហាប៉ុន្មាននោះទេ ប៉ុន្តែសម្រាប់គម្រោងដែលផ្ដោតលើទីផ្សារបរទេសដូចជាពីចិន ពីហុងកុងជាដើម អាចនឹងមានហានិភ័យ”។ លោកបន្ថែមថា “យ៉ាងណាក្ដីសម្រាប់គម្រោងខុនដូ ដែលម្ចាស់គម្រោងមានដើមទុនគ្រប់គ្រាន់ក្នុងការវិនិយោគ ហានិភ័យនៃទីផ្សារក៏មានតិចដែរ តែសម្រាប់ម្ចាស់គម្រោង ដែលមិនមានដើមទុនគ្រប់គ្រាន់ អាចនឹងមានហានិភ័យខ្ពស់”។

លោកគង្គាបានបន្ថែមទៀតថា តាមពិតទៅប្រទេសកម្ពុជាក៏ដូចជាពិភពលោកបានជួបវិបត្តិច្រើនមកហើយ ហើយពិភពលោកក៏បានដោះស្រាយបញ្ហាទាំងនោះ នឹងបានអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យល្អប្រសើរ ដូចជាវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងអំឡុងឆ្នាំ ២០០៨ ២០០៩ជាដើម ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានមានប្រសាសន៍ផងដែរថា ក្នុងឆ្នាំ២០២៣ខាងមុខ យើងក៏មិនទាន់ប្រាកដថាជនបរទេស នឹងចូលមកក្នុងប្រទេសកម្ពុជាច្រើន ដូចមុនកូវីដ១៩នោះដែរ។ កត្តាមួយចំនួនបានធ្វើឱ្យជនបរទេស បន្តជាឧបសគ្គដល់ការមកដល់នៃ ជនបរទេសក្នុងនោះមានស្ថានភាពកូវីដ១៩ នៅប្រទេសរបស់ពួកគេមិនទាន់ប្រសើរ បញ្ហាសង្គ្រាម និងភាពតានតឹងរវាងចិន និងអាមេរិកពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ជាពិសេសវិនិយោគិនបរទេសនៅតែបន្តអភិវឌ្ឍន៍ប្រទេសគេសិន ទើបអាចចេញក្រៅស្វែងរកការវិនិយោគបាន ៕
