ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមមន្រ្តី បានបើកកិច្ចប្រជុំលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយ លើគំរោងហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗចំនួន៧។
គំរោងហេដ្ឋារចនាសម្ព័ន្ឋទាំងនោះ រួមមានដូចជា ទី១ បញ្ហាប្រឈមមួយចំនួន ដែលបានកើតឡើងក្នុងអំឡុងពេល នៃការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ និងដំណោះស្រាយដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ ក្នុងន័យជំរុញឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនអាចប្រព្រឹត្តទៅដោយរលូន និងប្រសិទ្ធភាព ទី២ ការធ្វើឱ្យប្រសើរឡើងការប្រមូលកម្រៃ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចែករំលែកទិន្នន័យប្រតិបត្តិការ ធានាតម្លាភាពអាជីវកម្មក្រុមហ៊ុន និងសុវត្ថិភាពចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ តាមរយៈយន្តការបច្ចេកវិទ្យា DIP ដែលជាបច្ចេកវិទ្យាទំនើប ជួយកាត់បន្ថយពេលវេលា និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។
-->

ទី៣ វឌ្ឍនភាពគម្រោងសាងសង់កំពង់ផែ ទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាផ្នែកមួយជំរុញការដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ទី៤ វឌ្ឍនភាពការងារសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ ដែលជាគម្រោងដ៏មានសារៈសំខាន់ ជួយកាត់បន្ថយការបំពុលបរិស្ថាន ដោយសារទឹកកខ្វក់ និងជួយលើកស្ទួយសោភ័ណភាព ក្រុងព្រះសីហនុឱ្យកាន់តែល្អប្រសើរ ទី៥ បញ្ហាស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ជាពិសេសកំណាត់ផ្លូវប្រវែង២០គីឡូម៉ែត្រ ដែលកំពុងរងការខូចខាតយ៉ាងខ្លាំង ដើម្បីរកដំណោះស្រាយ សម្រាប់ការធ្វើឱ្យប្រសើរឡើងវិញ តាមរយៈបច្ចេកទេសពិសេស។

ទី៦ ផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយគ្រោះទឹកជំនន់នៅតាមបណ្តារាជធានី-ខេត្ត នៅក្នុងឆ្នាំ២០២២ ដោយសារគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង និងវិធានការបន្ទាន់សម្រាប់ការស្តារ ជួសជុលបន្ទាន់ឡើងវិញ ទី៧ វឌ្ឍនភាពការងារធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៤ ដែលកំពុងធ្វើការជួសជុលឡើងវិញស្របតាមស្តង់ដារ និងលក្ខណៈបច្ចេកទេស។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើង និងពិភាក្សាលើការងារសំខាន់ៗទាំងនេះ។

កិច្ចប្រជុំនេះ ក៏ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗ ទាក់ទងនឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការងារដឹកជញ្ជូនតាមផ្លូវទឹក ការងារទឹកកខ្វក់ ការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាថ្មីៗ វឌ្ឍនភាពនិងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធ នឹងការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងការបំពាក់មេដាយជូន ក្រុមការងារបច្ចេកទេសក្រុមហ៊ុនCambodian PPSHV Expressway Co., Ltd ដែលមានស្នាដៃល្អ ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ ផងដែរ។

លោកទេសរដ្ឋមន្ត្រី បានផ្តល់ជាមតិយោបល់ និងអនុសាសន៍ណែនាំល្អៗ ដើម្បីជាជំនួយក្នុងការយកទៅអនុវត្តន៍គម្រោង ការងារទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពការងារខ្ពស់ផងដែរ។
ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានណែនាំក្រុមការងារបច្ចេកទេស ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ឱ្យអនុវត្តការងាររបស់ខ្លួន ជាប់ជាប្រចាំទាក់ទង នឹងការចុះបិទជង្ហុកសំបុកមាន់នៅក្នុងរដូវវស្សា ដែលសំបូរទៅដោយទឹកភ្លៀងធ្លាក់ ជោគជាំនាឆ្នាំនេះ ដោយមិនត្រូវទុកផ្លូវនោះចោល បង្កការលំបាកដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវសម្រួលការតភ្ជាប់ភ្លា មៗនូវខ្សែផ្លូវទាំងឡាយណាដែលត្រូវទឹកជំនន់ហូរកាត់ផ្តាច់៕