ដំណឹងល្អ! ធនាគារ SME តម្លៃ១០០លានដុល្លារនឹងលេចរូបរាងឡើងនៅឆ្នាំ២០១៩

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងថា ធនាគារ
SME ដែលរាជរដ្ឋាភិបាលគ្រោងចំណាយថវិកា១០០លានដុល្លារអាមេរិក នឹងលេចរូបរាងនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ។


លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងប្រាក់ក្រុមសារព័ត៌មាន នៅក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជាលើកទី១៣កាលពីចុងសប្តាហ៍មុនថា គម្រោងបង្កើតធនាគារ SME ដើម្បីជួយឧបត្ថម្ភធន និងការជួយជាជំនួយបច្ចេកទេសផ្សេងៗ ដល់វិស័យ SME នៅកម្ពុជា មកដល់បច្ចុប្បន្នបានកំពុងរៀបចំការងារផ្នែកបច្ចេកទេស ហើយក្នុងពេលថ្មីៗនេះស្ថាប័ននីតិប្បញ្ញត្តិ ទាំងរដ្ឋសភា និងព្រឹទ្ធាសភាបានអនុម័តច្បាប់ស្តីពី ការគ្រប់គ្រង់ឆ្នាំ២០១៩ នៅក្នុងច្បាប់នោះបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាល ចាយថវិកាប្រមាណ១០០លានដុល្លារអាមេរិក ក្នុងគម្រោងបង្កើតធនាគារ SME នេះ ដែលនឹងធ្វើឲ្យធនាគារនេះលិចរូបរាងឡើងនៅក្នុងឆ្នាំ២០១៩ ខាងមុខ។


លោកបន្តថា “រាជរដ្ឋាភិបាលទើបតែបានចេញអនុក្រិត្យក្នុងពេលថ្មីៗនេះស្តីពី ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាព ផលិតផលក្នុងស្រុករបស់កម្ពុជា”។ លោកបន្តថា យើងផ្តោតទៅលើវិស័យអាទិភាពមានដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផលិត និងការកែច្នៃម្ហូបអាហារ និងផ្នែកកម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក ដូចជាការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន ដូចជាសហគ្រាសស្ថិតក្នុងតំបន់ប្រមូលផ្តុំជាដើម”។

លោកបណ្ឌិត អូន ព័ន្ឋមុនីរ័ត្ន បានបន្តថា គម្រោងបង្កើតធនាគារ SME នេះ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្ត លើការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់រយៈពេល៥ឆ្នាំ ការលើកលែងបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ការលើកលែងពន្ធលើប្រាក់ចំណូលរួមទាំងការលើកទឹកចិត្តចំណាយដែលអាចកាត់កងបានផងដែរ។


ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមលោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា ការបង្កើតធនាគារនេះជារឿងវិជ្ជមានមួយ ព្រោះវិស័យសហគ្រាសធុនតូច និងមធ្យមតែងតែប្រឈមនឹងកង្វះទុន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ហេតុនេះធនាគារនេះគួរតែសម្រួលនិតិវិធីនានា និងការប្រាក់ទាប ដើម្បីឲ្យអ្នកផលិតក្នុងស្រុកនានា អាចមានលទ្ឋភាពប្រើប្រាស់ឥណទាន យកមកពង្រីកអាជីវកម្មរបស់ពួកគេ។


លោកបន្តថា “វិស័យ SME នៅកម្ពុជាមានការរីកចម្រើន និងបញ្ហាប្រឈមច្រើននៅឡើយ ហេតុនេះការជួយគាំទ្រពីរដ្ឋាភិបាលមានសារៈសំខាន់ណាស់ ដើម្បីជំរុញវិស័យនេះឲ្យមានភាពរីកចម្រើន”។


លោកឧកញ៉ា តែ តាំងប៉ ក៏បានរិះគន់ក្រសួងពាណិជ្ជកម្ម ដែលបានបើកទូលាយខ្លាំងពេកឲ្យផលិតផលពីប្រទេសជិតខាងវាយលុកលើទីផ្សារកម្ពុជា ដែលធ្វើឲ្យអ្នកនៅតាមបណ្តាខេត្តប្រឈមមុខនឹងការលំបាក ព្រោះក្រុមហ៊ុនលក់ផលិតផលនានាបានពង្រីកការចែកចាយពួកគេតាមរយៈរថយន្តដល់តាមមូលដ្ឋានស្រុក ឃុំនានាស្ទើរទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here