ដោយ: លាងហួរ
ម៉ានីល: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា នាយកដ្ឋានដឹកជញ្ជូននៃប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខាលើកិច្ចសន្យាការងារស៊ីវិលចំនួន៤ ដែលមានទំហំទឹកប្រាក់សរុបចំនួន១,៨៧ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោង South Commuter Railway Project ។
ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលនេះ បានរាយការណ៍ថា គម្រោងដែលនឹងដាក់ពង្រាយផ្លូវដែក ប្រវែងជិត៥៥គីឡូម៉ែត្រ គឺដើម្បីភ្ជាប់ Metro Manila ជាមួយទីក្រុង Calamba ក្នុងខេត្ត Laguna ដែលនៅជិតនោះត្រូវបានផ្តល់ហិរញ្ញប្បទាន ជាមួយនឹងប្រាក់កម្ចីចំនួន៤,៣ពាន់លានដុល្លារអាមេរិក ជាប្រាក់កម្ចីដែលត្រូវបានអនុម័ត ដោយ ADB ក្នុងខែមិថុនា ឆ្នាំនេះ។
-->

នាយករង ADB ឧត្តមសេនីយ៍ Winfried Wicklein ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានថ្លែង ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា នៅទីក្រុង Calamba ថា គម្រោង South Commuter Railway នឹងបើកឱកាសយ៉ាងធំធេង សម្រាប់សមាហរណកម្មសេដ្ឋកិច្ច នៅទូទាំងMetro Manila និងខេត្តជិតខាង ហើយបង្កើតផលជាវិជ្ជមានយ៉ាងសំខាន់ លើសេដ្ឋកិច្ចក្នុងតំបន់។

លោកបានបន្ថែមថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច របស់ប្រទេស បង្កើតការងារសំណង់ចំនួន៣៥.០០០ និងការងារអចិន្ត្រៃយ៍ជាង៣.០០០ក្នុងអំឡុងពេលប្រតិបត្តិការផ្លូវដែក និងធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានសម្រាប់អ្នករស់នៅ ក្នុងខេត្តLaguna ដើម្បីធ្វើការនៅ Metro Manila ។
នៅពេលគម្រោងនេះត្រូវបញ្ចប់នាពេលខាងមុខ ធនាគារADB បានបញ្ជាក់ថា គម្រោងផ្លូវដែកនេះ នឹងផ្តល់នូវការដឹកជញ្ជូនសាធារណៈ ដែលមានតម្លៃសមរម្យ សុវត្ថិភាព និងរហ័ស ជួយសម្រួលការកកស្ទះចរាចរណ៍ផ្លូវគោក និងកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ជាង២៨៤.០០០តោននៃកាបូនឌីអុកស៊ីតជារៀងរាល់ឆ្នាំ នៅពេលដែលអ្នកដំណើរប្តូរពីផ្លូវទៅកាន់ការដឹកជញ្ជូនផ្លូវដែក។
ធនាគារ ADB កំពុងផ្តល់មូលនិធិ ដល់ការងារស៊ីវិលសម្រាប់ផ្លូវដែក ស្ថានីយ៍ ស្ពាន ផ្លូវរូងក្រោមដី និងអគារដេប៉ូ។
គម្រោងនេះ គឺជាផ្នែកមួយនៃបណ្តាញផ្លូវរថភ្លើង North-South Commuter Railway ដែលជាហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ ដ៏ធំបំផុតរបស់ ADB នៅអាស៊ី និងប៉ាស៊ីហ្វិករហូតមកដល់បច្ចុប្បន្ន៕