ការផ្គត់ផ្គង់ខុនដូរំពឹងថាកើនឡើងជិត៥ម៉ឺនយូនីតក្នុងឆ្នាំ២០២២នេះនិងជិត៧ម៉ឺនយូនីតក្នុងឆ្នាំ២០២៣

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២២នេះ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ ស្របពេលអ្នកវិនិយោគបរទេស នៅតែមិនទាន់ចូលមកប្រទេសកម្ពុជា ទូលំទូលាយនៅឡើយ។

របាយការណ៍របស់ក្រុមហ៊ុនអន្តរជាតិមួយបានបង្ហាញថា ក្នុងត្រីមាសទី៣នៃឆ្នាំ២០២២នេះ ទីផ្សារខុនដូមិនមានការផ្គត់ផ្គង់ថ្មីៗនោះទេ។ យ៉ាងណាក្ដី ក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ខុនដូនៅលើទីផ្សារត្រូវបានរំពឹងថា នឹងកើនឡើងដល់ជិត៥ម៉ឺនយូនីត និងឆ្នាំ២០២៣រំពឹងថា កើនឡើងដល់ជិត៧ម៉ឺនយូនីត។

របាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia ចេញផ្សាយ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ កម្ពុជាមិនមានគម្រោងខុនដូថ្មីៗសាងសង់ឬផ្គត់ផ្គង់នៅលើទីផ្សារនោះទេ។ ក្នុងនោះ ខុនដូចំនួនជាង៩០០យូនីត បានបន្តការអភិវឌ្ឍ ឬផ្គតផ្គង់នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា ក្រោយផ្អាកដំណើរការ កាលពីមុន។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានលើកឡើងថាគម្រោងខុនដូ ដែលចាប់ផ្ដើមដំណើរការសាងសង់នាពេលបច្ចុប្បន្ននេះ គឺជាគម្រោងដែលបានផ្អាក ឬពន្យារ កាលពីអំឡុងកូវីដ១៩។

អ្នកនាងបន្តទៀតថា “ការអភិវឌ្ឍខុនដូថ្មីៗ ក្នុងឆ្នាំ២០២២នេះ មិនសូវមានច្រើននោះទេ ពីព្រោះ ទីផ្សារខុនដូកម្ពុជាបានពឹងផ្ដោតទៅលើបរទេស ហើយបើសិនជាជនបរទេសមិនទាន់អាចចូលមកកម្ពុជាបាននោះ ការអភិវឌ្ឍនខុនដូក៏មានតិចតួចដែរ”។

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនERA Cambodia បានមានប្រសាសន៍ថាតាមពិតទៅ ខុនដូ ដែលផ្ដោតលើអតិថិជនក្នុងស្រុក មិនសូវជាមានបញ្ហានោះទេ តែសម្រាប់ខុនដូ ដែលផ្ដោតលើទីផ្សារបរទេស ឬសម្រាប់ជនបរទេស វាពិតជាមានបញ្ហាសម្រាប់ទីផ្សារ នាពេលបច្ចុប្បន្ននេះ ពីព្រោះយើងបានសង្កេតឃើញថា បច្ចុប្បន្ននេះ ជនបរទេសមិនទាន់ត្រូវបានចូលមកក្នុងប្រទេសកម្ពុជាច្រើន ដូចកាលពីឆ្នាំមុនវិបត្តិកូវីដ១៩នៅឡើយ ។

លោកបន្តថា យ៉ាងណាក៏ដោយ មានក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ និងក្រុមហ៊ុនភ្នាក់ងារលក់ខុនដូមួយចំនួន នៅតែមានការគាំទ្រពីអតិថិជនរបស់ខ្លួន និងមានការទិញលក់ជាហូរហែរ ក្នុងឆ្នាំ២០២២ ហើយបើធៀបនឹងឆ្នាំ២០២១កន្លងទៅ ឃើញថាមានភាពល្អប្រសើរជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here