សុខុម
តូក្យូ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sumitomo Realty and Development បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ថា ខ្លួននឹងបើកដំណើរការសណ្ឋាគារអាកាសយានដ្ឋានធំបំផុត ដែលមានបន្ទប់រហូតដល់ទៅ១.៧១៧បន្ទប់ នៅជាប់នឹងអាកាសយានដ្ឋាន Haneda Airport ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២១ ខែធ្នូ។
ក្រុមហ៊ុននេះនិយាយថា ជាជំហានដំបូងខ្លួននឹងបើកដំណើរការសណ្ឋាគារ២សិន ក្នុងចំណោមសណ្ឋាគារជាច្រើន នៅក្នុងគម្រោងទាំងមូលរបស់ខ្លួន គឺសណ្ឋាគារ Villa Fontaine Grand និងសណ្ឋាគារលំដាប់ខ្ពស់ Villa Fontaine Premier ដោយសេវាកម្មកក់សំបុត្រ បានចាប់ផ្តើម ពីថ្ងៃសុក្រ ទី៧ ខែតុលា តទៅ។
-->

សណ្ឋាគារដែលគ្រោងនឹងបើកដំណើរការពេញលេញ នៅខែមករា ដើមឆ្នាំ២០២៣ នេះនឹងមានសាលសន្និសីទខ្នាតធំ កន្លែងលក់ទំនិញ ចំណតរថយន្តក្រុង និងកន្លែងងូតទឹកចំហ ដែលមើលឃើញទេសភាពភ្នំហ្វូជី (Mount Fuji)។
ដំបូងឡើយ សណ្ឋាគារនេះគ្រោងបើកដំណើរការនៅខែមេសា ឆ្នាំ២០២០ ប៉ុន្តែផែនការត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ-១៩។
ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសជប៉ុន បានឡើងលើស១០០.០០០នាក់ ក្នុងរយៈពេល៥ខែជាប់គ្នាក្នុងខែសីហា បន្ទាប់ពីព្រំដែនត្រូវបានបន្ធូរបន្ថយ។ ទោះជាយ៉ាងណា ចំនួននេះ គឺនៅតែធ្លាក់ចុះខ្លាំងនៅឡើយរហូតដល់ទៅជាង៩០% បើធៀបនឹងខែដូចគ្នា ក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ-១៩។
ប៉ុន្តែចំនួនភ្ញៀវទេសចរ ត្រូវបានរំពឹងថា នឹងកើនឡើងនៅពេលខាងមុខ នៅពេលដែលការកំណត់ចំនួនភ្ញៀវចូលប្រចាំថ្ងៃត្រូវបានដកចេញវិញ៕ Japan Times៕