ទើបតែ១សប្ដាហ៍ រថយន្តដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមានចំនួនជាង៨០.០០០គ្រឿង

0

ដោយៈសុខុម

ភ្នំពេញ: ក្នុងសប្តាហ៍ទី១ នៃការបើកដំណើរការសាកល្បង មានរថយន្តរហូតដល់ទៅជាង៨០.០០០គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយប្រតិបត្តិករផ្លូវល្បឿនលឿននេះកាលពីថ្ងៃសៅរ៍ ទី៨ ខែតុលា។

ទិន្នន័យពីក្រុមហ៊ុនផ្លូវល្បឿនលឿន Cambodian PPSHV Expressway Company បង្ហាញថា “ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៧ ខែតុលា រថយន្តសរុបដែលធ្វើដំណើរលើផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានចំនួន៨០.២៣១គ្រឿង។ ជាមធ្យម រថយន្តដែលធ្វើដំណើរប្រចាំថ្ងៃមានចំនួនប្រមាណ១១.៤៦០គ្រឿង”។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលវិនិយោគដោយប្រទេសចិន ត្រូវបានបើកឱ្យធ្វើចរាចរណ៍នៅថ្ងៃទី០១ ខែតុលា សម្រាប់ដំណើរការសាកល្បងរយៈពេលមួយខែដោយមិនគិតថ្លៃ បន្ទាប់ពីប្រើពេលជាង៣ឆ្នាំក្នុងការសាងសង់។

ក្រសួងសាធារណការ និងដឹកជញ្ជូននិយាយថា នៅលើផ្លូវល្បឿនលឿននេះ ឃើញមានទាំងរថយន្តឯកជន និងរថយន្តដឹកទំនិញធ្វើដំណើរឆ្លងកាត់។

ក្រសួងបានធ្វើការកត់សម្គាល់ថា “នេះសរបង្ហាញឱ្យឃើញថា ផ្លូវល្បឿនលឿននេះ ពិតជាផ្លូវសេដ្ឋកិច្ចដ៏មានសក្ដានុពល”។

វិនិយោគដោយក្រុមហ៊ុនសាងសង់ផ្លូវ និងស្ពានរបស់ចិន China Road and Bridge Corporation ផ្លូវល្បឿនលឿននេះជាប្រវែងសរុប១៨៧គីឡូម៉ែត្រតភ្ជាប់រាជធានីភ្នំពេញ និងខេត្តកំពង់ផែទឹកជ្រៅព្រះសីហនុ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here