ត្បូងពេជ្រពណ៌ស៊ីជម្ពូដ៏កម្រមួយគ្រាប់ លក់ដេញថ្លៃបានរហូតដល់ទៅ៥០លានដុល្លារអាមេរិក

0

ដោយៈ សុខុម

ហុងកុង: ត្បូងពេជ្រពណ៌ស៊ីជម្ពូមួយគ្រាប់ដ៏កម្រ ដែលទំហំធំដល់ទៅ១១,១៥ការ៉ាត់ លក់បានថ្លៃរហូតដល់ទៅ៤៩,៩លានដុល្លារ ក្នុងពិធីដាក់ចេញថ្លៃនៅក្រុងហុងកុង ដោយសាងកំណត់ត្រាពិភពលោក សម្រាប់តម្លៃខ្ពស់បំផុតក្នុង១ការ៉ាត់ ដែលដាក់លក់ក្នុងពិធីដាក់ដេញថ្លៃ។

ត្បូងពេជ្រដ៏កម្រដែលមានឈ្មោះថា Williamson Pink Star ខាងលើនេះ ត្រូវបានដាក់ដេញថ្លៃដោយក្រុមហ៊ុន Sotheby’s នៅហុងកុង កាលពីថ្ងៃសុក្រ ទី៧ ខែតុលា ដោយតម្លៃប៉ាន់ស្មានដំបូង ត្រឹមតែប្រមាណ២១លានដុល្លារប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បានឱ្យដឹងថា ឈ្មោះរបស់ត្បូងពេជ្រដ៏កម្រនេះ ត្រូវបានដាក់តាមឈ្មោះត្បូងពេជ្រ ស៊ីជម្ពូដ៏ល្បីល្បាញ២គ្រាប់។

ទី១ គឺត្បូងពេជ្រ Williamson ទម្ងន់២៣,៦០ការ៉ាត់ ដែលត្រូវបានថ្វាយម្ចាស់ក្សត្រីអង់គ្លេស Elizabeth II ទុកជាកាដូរៀបអភិសេក ក្នុងឆ្នាំ១៩៤៧ ហើយគ្រាប់ពេជ្រទី២ មានឈ្មោះថា Pink Star ទម្ងន់៥៩,៦០ការ៉ាត់ ដែលលក់បានថ្លៃរហូតដល់ទៅ៧១,២លានដុល្លារ ក្នុងពិធីដេញថ្លៃកាលពីឆ្នាំ២០១៧។

ត្បូងពេជ្រ Williamson Pink Star គឺជាត្បូងពេជ្រពណ៌ស៊ីជម្ពូធំជាងគេទី២ ដែលបង្ហាញខ្លួនក្នុងពិធីដាក់ដេញថ្លៃ។

ត្បូងពេជ្រពណ៌ស៊ីជម្ពូ ស្ថិតក្នុងចំណោមត្បូងពេជ្រដ៏កម្របំផុត និងមានតម្លៃបំផុតក្នុងពិភពលោក៕  Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here