VTrust Tower ទទួលស្គាល់ពីស្ថាប័នអន្តរជាតិ ជាសំណង់អគារការិយាល័យ បៃតងដំបូងគេនៅកម្ពុជា

0

 ដោយៈ សហការី

      ភ្នំពេញៈ អាគារការិយាល័យ VTrust Tower ដែលគ្រប់គ្រងដោយក្រុមហ៊ុនGolden Tree Co.,Ltd ត្រូវបានទួលស្គាល់​ជាអគារការិយាល័យបៃតងដំបូងគេពី EDGE ដែលជាប្រព័ន្ធផ្តល់វិញ្ញាបនបត្រអគារបៃតងមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ។

ការផ្តល់វិញ្ញាបនបត្រនាពេលនេះ បានឆ្លុះបញ្ចាំងពីការចូលរួមដ៏សំខាន់របស់អគារ VTrust Tower ក្នុងការជួយគាំទ្រដល់សកម្មភាពថែររក្សាបរិស្ថាន ជាពិសេសដើម្បីទប់ទល់ ទៅនឹងការបម្រែបម្រួលអកាសធាតុ។

កម្មវិធីទទួលវិញ្ញាបនបត្រនេះ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ៨ តុលា ឆ្នាំ២០២២ នៅឯអគារ VTrust Tower ដោយមានការចូលរួមពីតំណាងសាជីវកម្មអន្តរជាតិ (IFC) ក្នុងការប្រគល់វិញ្ញាបនបត្រនោះ ទៅដល់លោកស្រី Judy Tan អនុប្រធានប្រតិបត្តិក្រុមហ៊ុន Golden Tree Co., Ltd ព្រមទាំងមានការអញ្ចើញចូលរួម ពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

EDGE ត្រូវបានផ្តួចផ្តើមឡើងដោយសាជីវកម្មអន្តរជាតិ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារពិភពលោក។​  EDGE គឺជាប្រព័ន្ធផ្តល់វិញ្ញាបនបត្រអគារបៃតងមួយ ដែលមានការទទួលស្គាល់ជាអន្តរជាតិ ផ្តោតលើការដាក់ពន្ធុ និងការទទួលស្គាល់សំណង់អគារលំនៅឋាន អគារពាណិជ្ជកម្មទាំង​ឡាយណា ដែលអាចសន្សំសំចៃលើការប្រើប្រាស់ធនធាននានា ដោយមានប្រសិទ្ធភាព។

សម្រាប់អគារការិយាល័យ VTrust Tower ដែលទទួលបានវិញ្ញាបនបត្រពី EDGE ក្លាយជាអគារការិយាល័យបៃតងដំបូងគេនៅកម្ពុជា ដោយអាចសម្រេច ការសន្សំប្រើប្រាស់ទឹកបាន 52%, ការសន្សំថាមពល  24%, និង 84% នៃវត្ថុធាតុដើមទាំងអស់ប្រើប្រាស់ ក្នុងអគារបង្កការរំខានតិចតូចដល់បរិស្ថាន ព្រមទាំងការរួមចំណែក ដល់ការកាត់បន្ថយបំភាយឧស្ម័នកាបូនិច  (CO2) ប្រមាណ២៣០ តោនប្រចាំឆ្នាំ។

ការសិក្សារបស់ស្ថានប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានរកឃើញថា មានជិត៣០ភាគរយ​នៃការបំភាយឧស្ម័នផ្ទះកញ្ជាក់ កើតចេញពីការប្រើប្រាស់ថាមពលនៅក្នុងអគារ ហើយការចាប់ផ្តើមគិតគូរទៅលើសំណង់អគារបៃតងកាន់តែច្រើនឡើង គឺជាយុទ្ធនាជាការរួមចំណែកដ៏ធំធេងមួយក្នុងការកាត់បន្ថយ​កាកសំណល់កាបូន ព្រមទាំងជួយកាត់បន្ថយផលអវិជ្ជមានដល់បរិស្ថាននៅលើពិភពលោក។

លោកស្រី​ Judy Tan អនុ​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន ​Golden Tree Co., Ltd បាន​ឱ្យ​ដឹង​ថា ការ​ទទួល​បាន​វិញ្ញាបន​បត្រ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នា​ពេល​នេះ គឺ​ជា​សក្ខីកម្ម​ដ៏​សំខាន់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ ពី​ការ​ប្តេជ្ញា​ដ៏​មុតមាំ​របស់​ក្រុមហ៊ុន ក្នុង​ការ​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិក។​

លោកស្រី​ថ្លែង​ថា​​ “​បន្ថែម​ពី​លើ​ការ​យក​ចិត្ត​ទុក​ដាក់​បរិស្ថាន​ ក្រុមហ៊ុន​នឹង​បន្ត​ខិតខំ​អនុវត្តស្តង់ដាបរិស្ថាន សង្គម អភិបាល​កិច្ច​ (ESG)​។ យើង​ចង់​ធ្វើ​បន្ថែម​ទៀត បន្ត​កែលម្អ​បញ្ហា ESG​ដែល​យើង និង​ឧស្សាហកម្ម​ទាំង​មូល​កំពុង​ប្រឈមមុខ​នាពេល​បច្ចុប្បន្ន​”។ លោកស្រីបន្តថា “យើង​ជឿជាក់ថា គំនិត​ផ្តួចផ្តើម​នេះ នឹង​ក្លាយជា​ជំនួយ​ដ៏​សំខាន់​ក្នុងការ​រចនា និង​ការអនុវត្ត​គោលការណ៍​ធានាបាន​ នូវ​និរន្តរភាព​ឱ្យបាន​កាន់តែ​ប្រសើរឡើង ដែល​អាចជួយ​ទ្រទ្រង់​ដល់​ការរីកលូតលាស់ និង​ពង្រឹងសមត្ថភាព​ក្នុងការ​គ្រប់​គ្រង​ហានិភ័យ​ គុណភាព​សេវាកម្ម​ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ដល់ដៃ​គូរ​អា​ជីវ​កម្ម​,​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​”​។​

នៅពេលខាងមុខ ក្រុមហ៊ុន Golden Tree Co., Ltd ក៏មាន​ផែនការអភិវឌ្ឍន៍​អគារ​ការិយាល័យ​បៃតង​បន្ថែមទៀត ព្រមទាំង​មាន​ផែនការអភិវឌ្ឍន៍​ គ្រប់គ្រង​ និង​វិនិយោគ​គម្រោង​លំនៅឋាន និង​សួន​ឧស្សាហកម្ម​បៃតង​ផងដែរ​។ គោលដៅ​របស់​ Golden Tree​គឺ​កសាង និង​អភិវឌ្ឍ​សហគមន៍​ធុរកិច្ច​មួយ ដែល​ផ្តោតលើ​ការយកចិត្តទុកដាក់ និង​លើកកម្ពស់​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន តាមរយៈ​កិច្ចសហការ​នានា​ក្នុងការ​គ្រប់គ្រង​បញ្ហា​បរិស្ថាន និង​ធនធាន​។​

ទន្ទឹមគ្នានេះ ក្រុមហ៊ុន Golden Tree គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលបៃតងដំបូងគេនៅកម្ពុជា  (ឬសញ្ញាបណ្ណបៃតងទី១) ដែលកាលពីថ្ងៃទី៥ តុលា កន្លងទៅថ្មីនេះៗ ក្រុមហ៊ុនទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព ក្នុងការចុះបញ្ជីលក់មូលបត្របំណុលបៃតង ហើយរំពឹងទទួលបានការឯកភាពទាំងស្រុង ពីផ្សារមូលបត្រកម្ពុជានៅខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ។

អាគារបៃតង ត្រូវបានកំណត់និយមន័យ ជាប្រភេទអគារទាំងឡាយណាដែលសាងសង់ឡើង និងប្រតិបត្តិការ ធានាបាននូវកាត់ការបន្ថយ និងមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ អគារបៃតង ត្រូវបានចាត់ទុកជាកាលានុវត្តន៍ភាព ដ៏សំខាន់សម្រាប់ការវិនិយោគ ដោយហេតុថា​វាជួយជំរុញគុណភាព និងធានាបាននូវនិរន្តភាព នៅក្នុងគម្រោងអគារនោះកាន់តែមានភាពល្អប្រសើរឡើង។

របាយការណ៍ស្រាវជ្រាវរបស់សាជីវកម្មអន្តរជាតិ (IFC) បានបង្ហាញថា សក្តានុពលទីផ្សារអគារបៃតង នៅតាមបណ្តាប្រទេសកំពុងមានការអភិវឌ្ឍន៍ នៅទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណថា មានទំហំទុននៃការវិនិយោគដល់ទៅជិត២៥ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០៣០។

ប្រភពរបាយការណ៍៍ដដែលបានបញ្ជាក់ទៀតថា អគារបៃតង អាចមានអត្រាជួលខ្ពស់ដល់ទៅ៨ភាគរយ ហើយអត្រានៃការលក់វិញមាន៣១ភាគរយ បើធៀបនឹងអគារដែលមិនផ្សារភ្ជាប់ទៅនឹងបៃតង៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here