ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ ពីកំពត ទៅវាលរិញផ្ទាល់។
តាមរយៈការចុះពិនិត្យមើលឃើញផ្ទាល់នេះ លោកឧបនាយករដ្ឋមន្រ្តី បានសន្យានឹងពន្លឿនការស្នើសុំថវិកាពីចិន ឱ្យបានលឿនបំផុត ខណៈបច្ចុប្បន្ន កំពុងស្នើឱ្យក្រុមហ៊ុនចិនជួយជួលជុល ជាបណ្ដោះអាសន្នសិន ក្នុងអំឡុងពេលរង់ចាំថវិកា។
ឧបនាយករដ្ឋមន្ត្រី ក៏បានអនុម័តបច្ចេកទេសទាំង៣ប្រភេទ ដែលក្រុមហ៊ុនស្នើ ដើម្បីជួសជុលផ្លូវនេះឱ្យជាប់បានយូរ។
កំណាត់ ៥គីឡូម៉ែត្រ ដែលមានដីស្អុយជម្រៅរហូតដល់១៨ម៉ែត្រនៅផ្នែកខាងក្រោម នឹងប្រើបច្ចេកទេសវាយសសរគ្រឹះ ឱ្យដល់ជម្រៅ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះឱ្យរឹងមាំ។
ចំណែកកំណាត់១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត ២ផ្សេងទៀត ទៅតាមកម្រិតជម្រៅដីស្អុយរួមមាន ទី១ វិធីទម្លាក់សេរីទម្ងន់២០០តោន និងទី២ វិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង។
ផ្លូវជាតិលេខ៣ កំពត-វាលរេញ ជាផ្លូវដែលជួសជុលមិនដែលជាប់បានយូរនោះទេ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ ដូច្នេះរដ្ឋាភិបាល បានសម្រេចសិក្សានិងជួសជុលស៊ីជម្រៅ ដោយគ្រោងចំណាយប្រមាណជា ៦០ ទៅ៧០លានដុល្លារអាមេរិក។
ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនមែនព្រងើយកន្ដើយលើបញ្ហាផ្លូវកំពត- វាលរេញនោះទេ ប៉ុន្តែបច្ចុប្បន្នមិត្តចិននៅមិនទាន់អនុម័តថវិកា ដោយរំពឹងថាអាចនឹងពន្យាដល់ឆ្នាំ២០២៣ ឬ២០២៤៕