ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការវិនិយោគដីធ្លីជាការវិនិយោគល្អ និងទទួលបានផលចំណេញខ្ពស់ជាងគេ ក្នុងចំណោមផ្នែកដទៃទៀត នៃវិស័យអចលនទ្រព្យ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនលវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១០ តុលាថា អ្នកវិនិយោគដីធ្លី ឬប្រជាពលរដ្ឋអាចសាកសួរ ពីផែនការអភិវឌ្ឍរបស់ក្រុង ឬខេត្តបាន តាមរយៈការស្នើសុំទៅកាន់មន្ទីរសុរិយោដី ឬក៏សាលារាជធានីខេត្តក៏បាន ឬក៏តាមវិធីសាស្ត្រណា ដែលបងប្អូនអាចមានឱកាស ក្នុងការចាប់យកដើម្បីរកប្រាក់ចំណេញពីការវិនិយោគដីធ្លីបានឆាប់ៗ ។
-->

លោកសុខនីមបានបន្តថា “ការវិនិយោគដីធ្លី មិនគួររកទីតាំងដែលមានការអភិវឌ្ឍរួចហើយនោះទេ ដូចជានៅកណ្ដាលក្រុង ទីប្រជុំជន ពីព្រោះឱកាសនៃការឡើងថ្លៃដីធ្លីមានកម្រិតទាប ខុសពីតំបន់ដែលនៅឆ្ងាយពីក្រុងឬទីប្រជុំដូចជាតំបន់ជាយក្រុង ឬតំបន់មិនទាន់មានការអភិវឌ្ឍខ្លាំងដូចនៅកណ្ដាល”។
ក្នុងប្រទេសកម្ពុជាមានអ្នកជោគជ័យជាច្រើន ពីវិស័យអចលនទ្រព្យ ជាពិសេសនោះ គឺពីវិស័យដីធ្លីនេះតែម្ដង ដោយពួកគេចេះចាប់ឱកាសក្នុងការវិនិយោគដីធ្លី ដោយភាគច្រើនមើលឃើញថា ពួកគាត់បានស្វែងរកទិញដីនៅតំបន់មិនទាន់អភិវឌ្ឍ ហើយទុករយៈពេលណាមួយ ដែលដីនោះឡើងថ្លៃខ្ពស់ពួកគាត់លក់យកចំណេញ ហើយយកប្រាក់ចំណេញនោះទៅវិនិយោគនៅតំបន់ណា ដែលមិនទាន់មានការអភិវឌ្ឍ ដោយរង់ចាំឱ្យមានការអភិវឌ្ឍទើបលក់ជាបន្តបន្ទាប់ ៕
