ដោយៈវឌ្ឍនៈ
ភ្នំពេញៈ គិតមកដល់ត្រីមាសទី៣ និងដើមត្រីមាសទី៤នៃឆ្នាំ ២០២២នេះ ទីផ្សារខុនដូនៅកម្ពុជាទាំងការទិញលក់ ការអភិវឌ្ឍនិងការជួលនៅតែបន្តជួបប្រទះនឹងបញ្ហាទាំងតម្លៃនិងទីផ្សារ។
ជាក់ស្ដែងនៅត្រីមាសទី៣ឆ្នាំ២០២២ ទីផ្សារជួលខុនដូនៅកម្ពុជាបន្តធ្លាក់ថ្លៃ ប៉ុន្តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia បានចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញផងថា តម្លៃជួលខុនដូនៅលើទីផ្សារក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះគ្រប់ប្រភេទនីមួយៗ ក្នុងនោះប្រភេទតម្លៃខ្ពស់ បានធ្លាក់ចុះប្រមាណ០,៣ភាគរយ ធៀបនឹងត្រីមាសទី២ ខុនដូតម្លៃមធ្យមធ្លាក់ចុះប្រមាណ០,៩ភាគរយ និងតម្លៃសមរម្យបានធ្លាក់ចុះ២,៣ភាគរយ។
របាយការណ៍បានបង្ហាញថា ក្នុងត្រីមាសទី៣ឆ្នាំ ២០២២នេះ តម្លៃជួលខុនដូតម្លៃខ្ពស់ បានធ្លាក់នៅត្រឹម១១ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈឆ្នាំ២០២០ ក្នុងត្រីមាសទី១ តម្លៃនៅជាង១៤ដុល្លារអាមេរិក ។ ចំណែកខុនដូតម្លៃមធ្យមបច្ចុប្បន្ននេះ នៅក្នុងរង្វង់៩ទៅ១០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ និងខុនដូតម្លៃ សមរម្យមានតម្លៃក្រោម៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ។
អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា តម្លៃជួលខុនដូនៅក្នុងត្រីមាសទី៣នេះ បន្តធ្លាក់ចុះបន្តិចថែមទៀត បើធៀបនឹងត្រីមាសទី២ ប៉ុន្តែបើធៀបនឹងឆ្នាំ២០២០ឃើញថាធ្លាក់ចុះខ្លាំង ។
អ្នកនាងបន្តថា អ្នកជួលខុនដូនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ជនបរទេសនៅតែនាំជនជាតិខ្មែរ ហើយភាគច្រើននៃជនបរទេសជួលខុនដូ គឺជាអ្នកដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទោះបីជាជនបរទេសថ្មីៗមិនទាន់ចូលមកម្ពុជា ក៏មានការជួលខុនដូ តែតម្លៃបានធ្លាក់ចុះហើយតម្រូវការក៏មិនសូវមានច្រើនដែរ ៕