ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ផ្តើមចេញពីភ្នាក់ងារអចលនទ្រព្យសាមញ្ញមួយរូប លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិការបុរីវិមានសំណាង បានជួបជាមួយអតិថិជនជាច្រើន និងបានស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ពួកគេ។
ជាមួយនឹងក្តីសុបិន ក្នុងការក្លាយជាអ្នកអភិវឌ្ឍន៍មួយរូប កាលពីអតីតកាល នៅទីបំផុតលោកជំទាវឧកញ៉ាគង់ សំណាងសម្រេចបានតាមក្តីសុបិនរបស់ខ្លូនកាលពីឆ្នាំ២០២១ ដោយលោកជំទាវនិងស្វាមី គឺលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានអភិវឌ្ឍន៍បុរីជាលើកទី១ គឺបុរីKS Residences ដែលមានទីតាំង នៅក្នុងស្រុកកៀនស្វាយខេត្តកណ្តាល។
-->
ជាបុរីមួយផ្តោតលើអ្នកមានជីវភាពមធ្យម KS Residencesទទួលបានជោគជជ័យ និងគាំទ្រពីអតិថិជនយ៉ាងច្រើន។

ជាមួយនឹងចំណង់ចំណូលចិត្ត និងសិក្សាពីទស្សនវិស័យ និងផែនការអភិវឌ្ឍន៍ ព្រមទាំងតម្រូវការរបស់អតិថិជន ទីបំផុតលោកជំទាវឧកញ៉ាគង់ សំណាង និងស្វាមីបានចាប់ផ្តើមបុរីវិមានសំណាង “ជាបុរីដែលផ្តោតលើអ្នកមានជីវភាពធូរធារឬអ្នកមាន”កាលពីចុងឆ្នាំ២០២១។
លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារលោកជំទាវ និងស្វាមីបានធ្វើការក្នុងអាជីពជាភ្នាក់ងារអចលនទ្រព្យ រយៈពេលយូរឆ្នាំមកហើយ បានធ្វើឲ្យលោកជំទាវសិក្សា និងយល់ដឹងពីចំណង់ចំណូលចិត្តរបស់អតិថិជនថា ពួកគេត្រូវការផ្ទះប្រភេទណា និងមានរសនិយមបែបណាក្នុងការរស់នៅ។

លោកជំទាវបន្តថា “ឆ្លើយតបនឹងចំណង់ចំណូលចិត្ត និងស្គាល់ពីរសនិយមអតិថិជននេះ ទើបខ្ញុំវិនិយោគបុរីវិមានសំណាងឡើង ដោយផ្តោតលើអ្នកមានជីវភាពខ្ពស់”។ លោកជំទាវបន្តថា “នៅកម្ពុជាចំនួនអ្នកមានទ្រព្យច្រើនបានកើនឡើងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរីកចម្រើនសេដ្ឋកិច្ច និងការដឹកនាំប្រទេសបានល្អពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា៛”។

មូលដ្ឋានចំណេះដឹង និងការច្នៃប្រឌិត បានធ្វើឲ្យបុរីវិមានសំណាងមានភាពលេចធ្លោលើប្លង់ស្ថាបត្យកម្ម។
លោកជំទាវឧកញ៉ាគង់ សំណាងបានបន្តថា “ខ្ញុំមិនធ្លាប់បានរៀនសូត្រផ្នែកស្ថាបត្យកម្មនោះទេ ប៉ុន្តែការសិក្សានិងស្វែងយល់បានធ្វើឲ្យខ្ញុំអាចចូលរួមជាគំនិត ជាមួយស្ថាបត្យករគូរប្លង់បុរីវិមានសំណាង ដើម្បីទទួលបានរចនាបទផ្ទះមួយ ដែលមានភាពទាក់ទាញនិងក្លាសិក”។
លោកជំទាវបានលើកឡើងថា លំនៅដ្ឋានិមួយៗនៃបុរីវិមានសំណាងបានសាងសង់ឡើងចំណាយប្រាក់ច្រើន លើសពីបុរីនិងម៉ូតវីឡាផ្សេងៗប្រមាណ៣០ភាគរយ ដោយសារម៉ូតរបស់យើងមានភាពរសរវើក ផ្ទះនិមួយៗសាងសង់ឡើងដោយប្រើឥដ្ឋ២០ មានបង្អួចធំៗដែលផ្តល់បរិយាកាសរស់នៅប្រកបដោយផាសុខភាព ពិសេសធ្វើឲ្យខ្យល់ និងពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ ដែលអាចជួយសន្សំសំចៃអគ្គិសនី និងសម្របបាននឹងលក្ខខ័ណ្ឌនៃការប្រែប្រួលអាកាសធាតុបានយ៉ាងប្រសើរ៕


