ដោយៈ សុផារី
ភ្នំពេញៈ ការដ្ឋានសាងសង់ស្ពានឆ្លងទន្លេសាប ក្នុងខណ្ឌឬស្សីកែវ សម្រេចបាន៧៥ភាគរយ និងស្ពានអាកាសផ្លូវជាតិលេខ៥ ដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្រេចបាន៤០ភាគរយ ហើយគ្រោងបញ្ចប់ការសាងសង់ នៅខែមេសា ឆ្នាំ២០២៣។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១២ ខែតុលានេះថា ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ គ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៣។ ក្នុងនោះ ស្ពានឆ្លងទន្លេឬស្សីកែវ សម្រេចបាន៧៥ភាគរយ និងស្ពានអាកាសផ្លូវជាតិលេខ៥ឬស្សីកែវ ដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្រេចបាន៤០ភាគរយ។
លោកបានបន្តថា ស្ពានទាំងពីរនេះ នឹងជួយសម្រួលចរាចរណ៍ទៅមកពីភ្នំពេញ និងតំបន់ជ្រោយចង្វារ ហើយអាចជួយកាត់បន្ថយចរាចរណ៍នៅស្ពានជ្រោយចង្វារប្រមាណ៤០ភាគរយ ខណៈការកកស្ទះចរាចរណ៍នៅត្រង់ចំណុចប្រសព្វរវាងស្ពានដែកបាឡេ និងផ្លូវជាតិលេខ៥ ទិសដៅឆ្ពោះទៅគីឡូម៉ែត្រលេខ៩ ដោយសារទទឹងផ្លូវរួមតូច និងជាចំណុចប្រសព្វគ្នា។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅចំណុចប្រសព្វផ្លូវជាតិលេខ៥ នឹងត្រូវពង្រីកទទឹងផ្លូវបន្ថែមប្រហែល១,៥ម៉ែត្រទៀតលើផ្លូវបច្ចុប្បន្ន មានទទឹងសរុប៦គីឡូម៉ែត្រ។ នៅពេលដែលដំឡើងសសរស្ពានរួច នៅក្នុងរយៈពេលប្រមាណ១ខែខាងមុខទៀត ការកកស្ទះនៅចំណុចនោះនឹងត្រូវបានកាត់បន្ថយ។
លោកបន្ថែមថា អ្នកជំនាញកំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់បង្ហើយគន្លងផ្លូវប៉ែកខាងលិច នៃផ្លូវជាតិលេខ៥ ចាប់ពីផ្លូវសាលាយោធា កែងនឹងរបងដីឯកជន ឆ្ពោះទៅទិសស្ពានជ្រោយចង្វារ ដែលការសាងសង់ផ្លូវនេះ នឹងបើកឲ្យដំណើរការជាបណ្តោះអាសន្ន នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២២។
យោងតាមផែនការ តំបន់ការដ្ឋានស្ពានអាកាសផ្លូវជាតិលេខ៥ នៅរយៈពេលប្រហែលមួយខែទៀត ការកកស្ទះនឹងត្រូវកាត់បន្ថយ។ ជាដំបូងត្រូវរៀបចំដំឡើងស្ពានអាកាសពាក់កណ្តាល គន្លងប៉ែកខាងកើត រួចដាក់ឲ្យដំណើរការ ទន្ទឹមនឹងនោះនឹងមានការរៀបចំសាងសង់ ផ្លូវក្រោមស្ពានផ្ទាល់ដីផងដែរ៕