ដោយៈ គង់ សូរិយា
ភ្នំពេញៈ សេវាកម្មទីផ្សារគ្រប់គ្រងអាគារ និងគំរោងអភិវឌ្ឍន៍អចលនទ្រព្យនានានៅកម្ពុជា បាននិងកំពុងពង្រឹង តាមរយៈការឈានជើងមកដល់របស់ក្រុមហ៊ុនអន្តរជាតិChestertons Cambodia។
ជាមួយនឹងការពង្រីកវត្តមាន និងការឈានជើងចូលទីផ្សារ របស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក បាននិងកំពុងធ្វើឲ្យទីផ្សារ និងវិស័យអចលនទ្រព្យកម្ពុជាកាន់តែទទួលបានទំនុកចិត្តបន្ថែមទៀត។
-->
ក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យអន្តរជាតិChestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រកាសបើកដំណើរការនៅកម្ពុជាកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា “កម្ពុជាជាទីផ្សារ”គន្លឹះរីកចម្រើនខ្លាំង” ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។
ក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានអាយុកាល២១៦ឆ្នាំនេះ បានឈានចូលក្នុងប្រតិបត្តិការទីផ្សារនៅកម្ពុជា ទៅក្នុងបណ្តាញកម្រិតអន្តរជាតិជាង១០០ការិយាល័យរបស់ខ្លួន តាមរយៈការទិញយកប្រតិបត្តិការក្រុមហ៊ុន Focus Property Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។

ក្រុមហ៊ុន Chestertons Cambodia នឹងដំណើរការដោយមានក្រុមការងារច្រើនជាង៥០នាក់ សម្រាប់ជំហានដំបូង ហើយត្រូវដឹកនាំដោយលោកជី មាត និងកញ្ញាសាម ចាន់ធូ ដើម្បីផ្តល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យលំនៅដ្ឋាននិងពាណិជ្ជកម្ម ដោយផ្តោតឯកទេសខាងផ្នែកសេវាគ្រប់គ្រងអចលនទ្រព្យ ដូចជា សេវាកម្មគ្រប់គ្រងអចលនទ្រព្យ សេវាកម្មគ្រប់គ្រងសម្ភារៈបរិក្ខារ និងសេវាកម្មបរិក្ខារផ្សេងៗ។
លោក Salah Mussa ប្រធានក្រុមហ៊ុនChestertonsនៅចក្រភព អង់គ្លេសបានបញ្ជាក់កាលពីពេលថ្មីៗនេះថា យើងមានសេចក្តីសោមនស្ស ក្នុងការដំណើរការក្រុមហ៊ុន Chestertons Cambodia និងស្វាគមន៍យ៉ាងកក់ក្តៅក្រុមហ៊ុន Focus Property មកកាន់គ្រួសារ Chestertons ដែលជាក្រុមហ៊ុនមានការរីកធំធាត់ជាដរាប។ ក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនថ្មីជាងគេ នៃសមាជិក Franchiseរបស់យើង នឹងទទួលបានប្រយោជន៍ជាច្រើន ពីបណ្តាញដ៏ទូលំទូលាយ និងប្រកបដោយជំនាញរបស់យើង រួមទាំងប្រយោជន៍ពីម៉ាកយីហោក្រុមហ៊ុន Chestertons ដែលល្បីល្បាញកម្រិតអន្តរជាតិ។

លោក Salah Mussa អះអាងថា “ការផ្តោតជាសំខាន់របស់ក្រុមការងារលើសេវាកម្ម គ្រប់គ្រងអចលនទ្រព្យបង្ហាញពីជំនាញ និងធនធានសម្បូរបែបរបស់យើង”។លោកបន្តថា “ការដាក់គោលដៅខ្ពស់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការងារ គឺជាគុណសម្បត្តិដ៏ល្អ ដើម្បីឲ្យយើងបំពេញការងារបានយ៉ាងប្រសើរ”។
លោកSalah Mussa បញ្ជាក់ថា នៅជាង១២ខែចុងក្រោយនេះ យើងបានបង្ហាញខ្លួន ដោយបើកដំណើរការទីផ្សារថ្មីចំនួន៧ ដែលគិតមកទល់ពេលនេះ យើងបើកដំណើរការចំនួន១៥ ប្រទេសជុំវិញពិភពលោក។ យើងនឹងមិនសម្រាកត្រឹមប៉ុនហ្នឹងទេ យើងសង្ឃឹមថានឹងបន្តដំណើរដ៏អស្ចា រ្យនេះដោយពង្រីកខ្លួនបន្តទៀត ទៅកាន់ពិភពលោកនៅឆ្នាំ ២០២២ និងឆ្នាំក្រោយៗទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ក្រុមហ៊ុនអចលនទ្រព្យ Chestertons បានបង្ហាញពីផែនការបន្ទាប់នៃការពង្រីកខ្លួន ដោយដាក់ការិយាល័យថ្មីៗ បន្ថែមទៀតនៅតំបន់អាស៊ី និងពង្រឹងប្រតិបត្តិការសេវាអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានស្រាប់នៅទីក្រុងឌូបៃ ដែលជាទីក្រុងពាណិជ្ជកម្មនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
ក្រុមហ៊ុន Chestertons មានប្រតិបត្តិការជាសកលនៅក្នុងទ្វីបចំនួន៥ មកពីចក្រភពអង់គ្លេស អឺរ៉ុប ការាបៀន អាហ្រ្វិក និងអាស៊ី។ ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យអចលនទ្រព្យ Chestertons បានពង្រីកសេវាគ្រប់គ្រងអចលនទ្រព្យរបស់ខ្លួន នៅក្នុងទីផ្សារកម្ពុជា៕
