រដ្ឋាភិបាលអនុម័តទុនវិនិយោគសំណង់ក្នុងទំហំទឹកប្រាក់១៦៦២លានដុល្លារក្នុងរយៈពេល៨ខែ

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលជាសេនាធិការ បានអនុម័តទុនវិនិយោគក្នុងវិស័យសំណង់ទំហំទឹកប្រាក់១៦៦២លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែឆ្នាំនេះ។

ក្នុងចំណោមទុនវិនិយោគទាំងនោះ គឺរដ្ឋាភិបាលបានចេញលិខិតអនុញ្ញាតសាងសង់ ដល់គម្រោងសរុបចំនួន២.៨១១​ ធ្លាក់ចុះ៩០គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ និន្នាការសង្គម-សេដ្ឋកិច្ចចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញឲ្យដឹងថា តម្លៃគម្រោងសាងសង់សរុប ១.៦៦២ លានដុល្លារ បានធ្លាក់ចុះ៥៦,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។​

របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំណោមគំរោងទាំងនោះគម្រោងសាងសង់ប្រភេទសំណង់លំនៅដ្ឋាន រួមចំណែកធំជាងគេក្នុងចំណោមគម្រោងសាងសង់ ដែលទទួលបានការអនុញ្ញាត ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់។

ប្រភេទសំណង់លំនៅដ្ឋាន មាន២.៥២១គម្រោង ស្មើនឹង៨៩,៧ភាគរយ នៃសំណើសុំសាងសង់សរុប បានធ្លាក់ចុះ៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញផ្សាយក្នុងខែមករា កម្ពុជា បានអនុម័តគម្រោងចំនួន៤.៣០៣គម្រោង ក្នុងឆ្នាំ២០២១ និងមានតម្លៃជាង៥,៣ ពាន់លានដុល្លារ ធៀបនឹង៤៨៤១គម្រោង ដែលមានតម្លៃជាង៧,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here