តំបន់ការពារធនធានធម្មជាតិកើនឡើងដល់៧៦កន្លែងនិងគ្របដណ្តប់៤១ភាគរយនៃផ្ទៃដីកម្ពុជា

0

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសូងបរិស្ថាន លោកសាយ សំអាល់បានថ្លែងថា តំបន់ការពារធម្មជាតិ នៅទូទាំងប្រទេសកម្ពុជា បានកើនពី២៣កន្លែង នៅឆ្នាំ១៩៩៣ និងបច្ចុប្បន្នមានចំនួនដល់ទៅ៧៦កន្លែង គ្របដណ្ដប់លើផ្ទៃដីប្រមាណ៤១%នៃផ្ទៃដីប្រទេសកម្ពុជា។

លោកបានថ្លែងបែបនេះ ក្នុងពិធីធ្វើបថកឋាស្ដីពី ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ជូនដល់សិក្ខាកាមនៃក្រសួងការពារជាតិកាលពីថ្ងៃទី១២ តុលាកន្លងមកនេះ។

លោកសាយ សំអាល់បានបន្តថា ចំពោះការគ្រប់គ្រងធនធានធម្មជាតិ គឺត្រូវបានចាត់ទុកថា “ជាការងារយុទ្ធសាស្រ្ត ដែលមានតម្លៃជាសារវ័ន្តសម្រាប់ការរស់រាន ភាពសម្បូរបែប និងនិរន្តរភាពនៃជីវៈចម្រុះ(មនុស្ស សត្វ រុក្ខជាតិ។ល។)”។ លោកបន្តថា “ធនធនធម្មជាតិ ទាំងធនធានរូបសាស្ត្រ(ទឹក ដី ខ្យល់។ល។) និងធនធានជីវសាស្ត្រ(ព្រៃឈើ សត្វព្រៃ។ល។) បានផ្ដល់នូវអ្វីៗគ្រប់យ៉ាង មានដូចជាទីជម្រក ម្ហូបអាហារ ថ្នាំងព្យាបាលទឹកបរិភោគ និងខ្យល់ដកដង្ហើម។ ហេតុនេះ មនុស្សជាតិទាំងមូល មានភារកិច្ចរួមក្នុងការការពារ និងធានានិរន្តរភាពបរិស្ថាននិងធម្មជាតិ”។

ដើម្បីអនុវត្តការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ក្រសួងមានអគ្គនាយកដ្ឋានជំនាញចំនួន៦ ទី១ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ទី២ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ទី៣ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ទី៤ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ទី៥អគ្គនាយក  ដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងទី៦អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ។

ក្នុងក្របខណ្ឌនៃកិច្ចគាំពារបរិស្ថាន ការងារចម្បងរបស់ក្រសួងបរិស្ថាន គឺការគ្រប់គ្រប់សំរាម សំណល់រឹងទីប្រជុំជន។ ក្រោមកិច្ចខិតខំប្រែង ការដាក់ចេញនូវក្របខណ្ឌច្បាប់ ផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងយន្តការច្បាស់លាស់ ស្ថានភាពនៃការគ្រប់គ្រងសំរាម មានភាពកាន់តែប្រសើរឡើង។ ធាតុស្នូលបីមិនអាចខ្វះបាន ដើម្បីទទួលបានជោគជ័យ និងធានាបាននិរន្តរភាពនៃការដោះស្រាយបញ្ហាសំរាមគឺ “ប្រព័ន្ធប្រមូលសំរាម ទីលានចាក់សំរាម និងថ្លៃសេវាប្រមូលសំរាម” ដែលត្រូវធ្វើក្នុងពេលព្រមគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here