ការវាយតម្លៃអចលនទ្រព្យប្រកបដោយតម្លាភាពនឹងទទួលបានការគាំទ្រឥណទានពីធនាគារនិងហិរញ្ញវត្ថុ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ចីក្នុងវិស័យអចលនទ្រព្យ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយពោលគឺពីឆ្នាំ ២០១៩ដល់ដំណាច់ឆ្នាំ ២០២១ ការផ្ដល់កម្ចីឥណទានទៅក្នុងវិស័យអចលនទ្រព្យ បន្តមានកំណើនក្នុងនោះដែរ ទោះបីជាកម្ពុជានិងពិភពលោកបានជួបប្រទះ នឹងបញ្ហាប្រឈមដោយសារតែកូវីដ១៩ក្ដី។

ការផ្ដល់កម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនឹងបន្តទៅវិស័យអច​លនទ្រព្យ បើការវាយតម្លៃអចលនទ្រព្យ ប្រកបដោយតម្លាភាពត្រឹមត្រូវ ។

យោងតាមរបាយការណ៍របស់ការិយាល័យ ឥណទានកម្ពុជាហៅកាត់ថា  CBC បានឱ្យដឹងថា ក្នុងចំណោមឥណទាន ដែលបានផ្ដល់ទៅអតិថិជន ឬបុគ្គលណាមួយនោះ៥០ភាគរយ គឺមានទ្រព្យបញ្ចាំ ដែលក្នុងទ្រព្យបញ្ចាំនោះដែរ ភាគច្រើនគឺជាដីធ្លីនិងផ្ទះសំបែង។

របាយការណ៍ដដែលឱ្យដឹងថា ក្នុងចំណោមកម្ចីឥណទានទាំងអស់ ការផ្ដល់កម្ចីឥណទាន ទៅវិស័យអចលនទ្រព្យមានចំណែកមួយគឺ ប្រមាណ៥០ភាគរយនៃកម្ចីសរុប។ ដូច្នេះការវាយតម្លៃអចលនទ្រព្យ បានត្រឹមត្រូវប្រកបដោយតម្លាភាព និងទំនុកចិត្តខ្ពស់ នៅតែបន្តទទួលបានទទួលបានការគាំទ្រ ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្រាប់បន្តសកម្មភាពក្នុងវិស័យអចលនទ្រព្យ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងថា អ្នកដែលចង់លក់ ឬវិនិយោគអចលនទ្រព្យ គួរតែស្វែងរកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញបទពិសោធន៍ជាពិសេសស្របច្បាប់ ដើម្បីកុំឱ្យមានការលម្អៀង។

លោកបន្តថា “ពេលខ្លះអ្នកវាយតម្លៃ ហេតុតែចង់ឲ្យអតិថិជនរបស់ខ្លួនទទួលបានកម្ចីខ្ពស់ ក៏វាយតម្លៃទ្រព្យនោះខ្ពស់ ហើយបុគ្គលខ្លះក៏វាយតម្លៃទាប”។លោកបន្តថា “ការប្រើប្រាស់ក្រុមហ៊ុនវាយតម្លៃ ដែលមិនមានជំនា​ញ មិនមានបទពិសោធន៍ និងអាជ្ញាបណ្ណច្បាស់លាស់នោះ នឹងធ្វើឱ្យផលវិបាក ហើយក៏នឹងធ្វើឱ្យបាត់ទំនុកចិត្ត ពីអ្នកវិនិយោគផងដែរ ជាពិសេសវិនិយោគិនមកពីក្រៅប្រទេស”។

លោកច្រឹក សុខនីមបានបន្តថា គិតមកដល់ពេលនេះ មានគ្រឹះស្ថានធនាគារ និងហិរញវត្ថុជាច្រើន នៅតែបន្តផ្ដល់កម្ចីដល់វិស័យអចលនទ្រព្យជាពិសេសនោះគឺកម្ចីសម្រាប់ទិញផ្ទះសម្បែង មានជាផ្ទះក្នុងបុរី និងលំនៅឋានជាដើម។ ដូច្នេះហើយទើបធ្វើឱ្យសម្មភាព នៃការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជាបន្តមានសកម្មភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here