ដោយ: លាងហួរ
ម៉ាឡេស៊ី: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ នៅភាគខាងលិចប្រទេសម៉ាឡេស៊ី បានរាយការណ៍ថាការបើកដំណើរការយូនីត និងការលក់ធ្លាក់ចុះ២៦ និង៥ភាគរយរៀងគ្នា នៅឆមាសទីមួយនៃឆ្នាំ២០២២។ នេះបើយោងតាមសមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅដ្ឋាន(Rehda) របស់ប្រទេសម៉ាឡេស៊ី។
ការស្ទង់មតិរបស់ Rehda លើអ្នកឆ្លើយសំណួរចំនួន១៥០នាក់ ដែលបានចេញផ្សាយនៅថ្ងៃពុធ ទី១២ ខែតុលា បានរកឃើញថាអចលនទ្រព្យ៧៨៤៣យូនីត ត្រូវបានដាក់ឱ្យបើកលក់ក្នុងឆមាសទី១ ដែលក្នុងនោះ៤៥ភាគរយ ឬ៣៥៤៩យូនីត ត្រូវបានលក់អស់ក្នុងរយៈពេលដូចគ្នា។
-->

ប្រធានសមាគមលោក Datuk NK Tong ដែលបានបង្ហាញទិន្នន័យបាននិយាយថា ប្រតិបត្តិការលក់មាននិន្នាការធ្លាក់ចុះ ដោយសារតែ៥០ភាគរយ ឬ៥៣០៣យូនីត ត្រូវបានលក់អស់ក្នុងឆមាសទី២ បើធៀបនឹងយូនីតសរុបចំនួន១០.៦៦៥ ដែលបានដាក់លក់ក្នុងអំឡុងពេលនោះ។
ប្រភេទអចលនទ្រព្យ ដែលត្រូវបានបើកលក់ក្នុងឆមាសទី១ រួមមានលំនៅដ្ឋាន៩៤ភាគរយ ឬ៧២៨៧យូនីត និងប្រភេទអចលទ្រព្យបែបពាណិជ្ជកម្មចំនួន៦ភាគរយ។
លោកបន្តថា ប្រភេទអចលនទ្រព្យ ដែលចេញលក់ច្រើនជាងគេក្នុងឆមាសទី១ គឺផ្ទះជាន់ផ្ទាល់ដីពី២ ទៅ៣ជាន់ មាន៣៨៨៤យូនីត បន្ទាប់មកគឺអាផាតម៉ិន (១៧៨៣យូនីត) និងផ្ទះមានកំពស់ទាបៗមានចំនួន៤៩៥យូនីត៕
