តម្រូវការនៃការជួលខុនដូនៅសិង្ហបុរីហក់ឡើងខ្ពស់ក្នុងខែកញ្ញា

0

ដោយ: លាងហួរ

សិង្ហបុរី: បរិមាណនៃការជួលផ្ទះល្វែង និងអាផាតម៉ិនឯកជន បានកើនឡើងខ្ពស់ កាលពីខែកញ្ញា ដោយអ្នកវិភាគកត់សម្គាល់ថា ទីផ្សារជួលអាចរងសម្ពាធកាន់តែច្រើន ក្រោយមានវិធានការត្រជាក់ថ្មី។

វិធានការត្រជាក់ថ្មី គឺជាគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលសិង្ហបុរី ដើម្បីទប់ទល់នឹងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃលំនៅដ្ឋាន។

ការជួលខុនដូបានកើនឡើង៣,៣ភាគរយ កាលពីខែកញ្ញា ធៀបនឹង៣,២ភាគរយ កាលពីខែសីហា ដោយការជួលនៅក្នុងតំបន់ជាយទីក្រុងមានការកើនឡើង ក្នុងល្បឿនលឿនបំផុត៣,៩ភាគរយ។ នេះ​ជា​ខែ​ទី២១ជាប់​ៗគ្នា ​នៃ​កំណើន​សម្រាប់​ការ​ជួល​ខុនដូ និង​ទី២៧សម្រាប់​ការ​ជួល ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍(HDB)។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់នៃការស្រាវជ្រាវ និងវិភាគនៅក្រុមហ៊ុនOrangeTee & Tie បាននិយាយថា ទោះ​បី​ជា​ការ​ជួល​បាន​កើន​ឡើង​ក៏​ដោយ ប៉ុន្តែ​តម្រូវ​ការ​នៅ​តែ​មាន​ភាព​រឹង​មាំ​ដដែល។

លោកស្រីបានបន្តថា ជាមួយនឹងជម្រើសលំនៅដ្ឋានតិចតួច អ្នកជួលជាច្រើនបានយល់ព្រមបង់ថ្លៃជួល ដែលស្នើសុំខ្ពស់ជាងនេះ សូម្បីតែអចលនទ្រព្យចាស់ៗ និងផ្ទះ ដែលមិនសូវមានលទ្ធភាពប្រើប្រាស់ក៏មានតម្រូវការ និងអាចទទួលបានតម្លៃជួលគួរឱ្យទាក់ទាញផងដែរ។

ពីមួយឆ្នាំទៅមួយឆ្នាំ ការជួលខុនដូបានកើនឡើង៣០,៩ភាគរយ ធៀបនឹងខែកញ្ញាឆ្នាំមុន ខណៈការជួលនៅតំបន់ជាយទីក្រុង កើនឡើង៣១,៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here