ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ លោកឧកញ៉ាបណ្ឌិតគីមហ៊ាង គឺជាអ្នកជោគជ័យលើវិស័យអចលនទ្រព្យមួយរូប នៅកម្ពុជា ដោយផ្ដើមចេញពីកូនកសិករអ្នកក្រមានស្រុកកំណើតនៅខេត្តស្វាយរៀង។ បច្ចុប្បន្នលោកឧកញ៉ាគឺជាម្ចាស់គម្រោងបុរីតម្លៃរាប់រយលានដុល្លារមួយកន្លែង នៅប៉ែកខាងជើងរាជធានីភ្នំពេញ ។
លោកឧកញ៉ាបាននិយាយ នៅក្នុងវេទិកាសាធារណមួយ កាលពីពេលថ្មីៗនេះថា លោកមិនបានយកលុយឬឡានធ្វើជាដើមទុន ក្នុងការរកស៊ីនោះឡើយ តែលោកបានយកជីវិត និងភាពភ័យខ្លាច ធ្វើជាដើមទុន។ ភាពភ័យខ្លាច ដែលលោកសំដៅនោះ គឺភ័យខ្លាចក្រ។
-->
លោកបានមានប្រសាសន៍ថា កាលពី២៧ឆ្នាំមុន លោកបានចាកចេញពីស្រុកកំណើត ដើម្បីបន្តការសិក្សានៅភ្នំពេញ ហើយគ្មានទ្រព្យសម្បត្តិ ឬលុយកាក់អ្វីនោះទេ ហើយលោកក៏បានស្នាក់នៅក្នុងវត្ត ដើម្បីបន្តការសិក្សា។ ក្នុងអំឡុងពេលសិក្សា លោកបានរកលុយដោយខ្លួនឯង ដើម្បីមកផ្គត់ផ្គង់ថ្លៃសិក្សា និងសម្ភារៈសិក្សា។

លោកបន្តថា រយៈពេល២៧ឆ្នាំ ដែលលោកខិតខំកសាងទ្រព្យសម្បត្តិ គឺលោកធ្វើការមិនគិតថ្ងៃសៅរ៍ អាទិត្យ បុណ្យទានអ្វីទាំងអស់ ដោយមិនខ្លាចនឿយហត់ ហើយលោកក៏មិន ដែលប្រាថ្នាថាថ្ងៃណាមួយ ក្លាយជាម្ចាស់បុរីម្ចាស់គម្រោងបុរីតម្លៃរាប់រយលានដុល្លារនោះទេ។ កាលនៅរៀនមហាវិទ្យាល័យលោកគិតត្រឹមតែថា ពេលចប់អាចមានផ្ទះតម្លៃ៥ឬ៦ម៉ឺនដុល្លារ មានឡានមួយគ្រឿងតម្លៃ១ម៉ឺន ២ម៉ឺនដុល្លារអាមេរិក ទុកគ្រាន់ជិះ មានប្រពន្ធសមរម្យ មានកូនពីរបីនាក់ចូលរៀនសាលារដ្ឋធម្មតា គឺសមរម្យហើយជីវិតនេះ។ តែព្រហ្មលិខិតជាអ្នកកំណត់ គឺព្រហ្មលិខិតបានកំណត់ ទៅតាមអ្វី ដែលយើងខិតខំបានសាងដោយខ្លួនឯង។
លោកបន្ថែមថា មកដល់សព្វថ្ងៃនេះ ខ្ញុំទទួលបាន គឺលើសពីអ្វី ដែលខ្ញុំត្រូវការពិតប្រាកដ ដូច្នេះហើយព្រហ្មលិខិតពិតជាលេងសើចចំពោះមនុស្សជាច្រើន ជាក់ស្ដែងខ្ញុំមិន ដែលប្រាថ្នាធ្វើជាម្ចាស់គម្រោងបុរីរាប់រយលាន ធ្វើជាឧកញ៉ានោះទេ ប៉ុន្តែខ្ញុំចេះតែធ្វើហើយលទ្ធផលក៏ទទួលបានប្រសើរ។
លោកបញ្ជាក់ថា ព្រហ្មលិខិតបានជំរុញឱ្យយើងទៅជាបែបនេះ។ ម្ដាយលោកបានស្លាប់តាំងពីលោកនៅរៀនវិទ្យាល័យ ហើយកាលនោះលោកគិតថា ប្រហែលជាមិនបានរៀនចប់ចុងចប់ដើមនោះទេ ពីព្រោះជាកូនកំព្រាម្ដាយ មិនមានលុយ មិនមានលទ្ធភាព តែលោកក៏បានចេញរកលុយដោយខ្លួនឯង ដើម្បីបន្តការសិក្សា។
លោកបញ្ជាក់បន្ថែមថា មួយជីវិតនេះ លោកបានឆ្លងកាត់ការលំបាកអស់ ដូច្នេះលោកអត់មានខ្លាចអ្វីនោះឡើយ តែអ្វីដែលខ្លាចបំផុតគឺខ្លាចក្រ ដូច្នេះហើយទើបលោកក្លាយជាអ្នកមាន និងអាចជួយដល់សង្គម និងប្រជាពលរដ្ឋរាប់ពាន់ម៉ឺននាក់៕
