អាជ្ញាធរមូលដ្ឋានចិនចាប់ផ្ដើមជួយទិញផ្ទះដើម្បីស្រោចស្រង់វិស័យអចលនទ្រព្យ

0

សុខុម

ប៉េកាំង: កាសែតរដ្ឋចិន បានចុះផ្សាយថា អាជ្ញាធរមូលដ្ឋានក្នុងប្រទេសចិន បានចាប់ផ្តើមជួយទិញផ្ទះដើម្បីរំលស់ចំនួនដែលលក់មិនទាន់ចេញកុំឱ្យសល់ច្រើនពេក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហ្បតិ៍ ទី១៣ ខែតុលា។

នេះគឺជាវិធានការថ្មីចុងក្រោយ បន្ទាប់ពីរដ្ឋាភិបាលចិន បានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យ ប៉ុន្តែនៅតែមិនអាចជំរុញកំណើនតម្រូវការក្នុងទីផ្សារ ជាពិសេសទីផ្សារលំនៅដ្ឋាន។

ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន បានដាំក្បាលចុះកាន់តែជ្រៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយតម្លៃបានធ្លាក់ចុះខ្លាំង ការលក់ក៏ស្ងាតដូចចោរលួចសេះ ហើយការវិនិយោគក៏ស្ងាត់ឈឹងកាលពីខែសីហា ខណៈវិធានការរឹតបន្តឹងកូវីដ-១៩ ដ៏អូសបន្លាយ និងពលរដ្ឋនាំគ្នាធ្វើពហិការឈប់បង់កម្ចីទិញផ្ទះទូទាំងប្រទេសនេះបានធ្វើឱ្យទស្សនវិស័យអចលនទ្រព្យធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅទៅៗ។

អ្នកទិញផ្ទះបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ណាស់ នៅក្នុងការសម្រេចចិត្តទិញ ឬ មិនទិញផ្ទះ ទោះបីជាទីក្រុងជាង២០០ទូទាំងប្រទេសចិន បានចាត់វិធានការអន្តរាគមន៍ដើម្បីជំរុញការលក់ ដូចជា តាមរយៈការផ្តល់ឧបត្ថម្ភធន ការបញ្ចុះតម្លៃពិសេសសម្រាប់ការទិញជាក្រុម ការបង់ប្រាក់មុន ឬ Down Payment កាន់តែតិច និងបញ្ចុះអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះជាដើមយ៉ាងណាក្ដី។

ពេលនេះ ទីក្រុងស៊ូចូវ (Suzhou) ដែលស្ថិតនៅភាគខាងកើតប្រទេសចិន មានគម្រោងទិញផ្ទះ រហូតដល់ទៅប្រមាណ១០.០០០យូនីត នៅក្នុងសង្កាត់ចំនួន១០របស់ខ្លួន។ នេះបើតាមកាសែតចិន Securities Times បានចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here