ការផ្គត់ផ្គង់ទំហំទីផ្សារលក់រាយកើនឡើងដល់២០៧.០០០ម៉ែត្រក្រឡានៅក្នុងឆ្នាំ២០២២នេះ

0

ដោយៈសុផារី

ភ្នំពេញៈ ក្រោយការបើកដំណើរការផ្សារទំនើប Mega Mall ដំបូងគេបង្អស់នៅក្នុងរាជធានីភ្នំពេញ គឺ Chip Mong Mega Mall 271 បានជំរុញឱ្យការផ្គត់ផ្គង់ទីផ្សារលក់រាយ ក្នុងឆ្នាំ២០២២នេះមានទំហំជាង២០ម៉ឺនម៉ែត្រក្រឡា។

យ៉ាងណាក្តី អ្នកជំនាញមើលឃើញថា ទីផ្សារលក់រាយនៅមិនទាន់មានភាពល្អប្រសើរណាស់ណានោះទេ ដោយអាចបន្តរហូតដល់ដើមឆ្នាំ២០២៣បន្តទៀត ដើម្បីត្រលប់ទៅកាន់ស្ថានភាព ដូចមុនវិបត្តិកូវីដ១៩វិញ។

យោងតាមរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅដើមខែតុលានេះ បានឱ្យដឹងថា នៅក្នុងរយៈពេល៣ខែចុងក្រោយនេះ អត្រាកាន់កាប់ទីផ្សារលក់រាយ ក្នុងក្រុងភ្នំពេញមានភាពល្អប្រសើរ ដោយគ្របដណ្តប់ជាង៧០ភាគរយ នៃទំហំទី​ផ្សារសរុប កើនឡើងពីប្រមាណ៦៨ភាគរយ នៅក្នុងត្រីមាសទី២។

អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានមានប្រសាសន៍នៅថ្ងៃទី៧ ខែតុលាកន្លងមក​ថា សម្រាប់ពេលមួយឆ្នាំ២០២២នេះ យើងសង្គេតឃើញមានការផ្គត់ផ្គង់ទីផ្សារលក់រាយមានចំនួនច្រើន ដោយនឹងមានប្រហែល២០៧.០០០ម៉ែត្រក្រឡា។

អ្នកនាងបានលើកឡើងថា ក្នុងការផ្គង់ផ្គត់ទាំងនោះ ទំហំទី៤៥ភាគរយនៃការផ្គត់ផ្គង់សរុប ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ហើយ ខណៈ៥៥ភាគរយទៀត គ្រោងនឹងបញ្ចប់ការសាងសង់ នៅត្រឹមដំណាច់ឆ្នាំ២០២២នេះ ដែលភាគច្រើននៃគម្រោងដែលគ្រោងនឹងបញ្ចប់ បានមកពីគម្រោងផ្សារទំនើបអ៊ីអនម៉លទី៣។

អ្នកនាងបន្តថា យ៉ាងណាក្តី ទីផ្សារមួយនេះនៅមិនទាន់មានភាពធូរស្រាលច្រើននៅឡើយទេ។ សម្រាប់តម្លៃជួលផ្សារប្រភេទ Community Mall និង Prime Retail Podium បានធ្លាក់ចុះចន្លោះ៤ ទៅ៥ភាគរយ ពីមួយត្រីមាសទីមួយត្រីមាស ស្របពេលដែលផ្សារប្រភេទ Shopping Mall នៅបន្តមានភាពរឹងមាំបន្តទៀត។

អ្នកនាងសង្កត់ធ្ងន់ថា “យើងគិតថា ទំនោរនេះនឹងនៅបន្តរហូតដល់ចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ជាមួយនឹងការផ្គត់ផ្គង់ថ្មី។ ទោះបីជាអត្រាការកាន់កាប់ផ្សារលក់រាយ មានការកើនឡើងដល់ជាង៧០ភាគរយក្តី ប៉ុន្តែវានៅវែងឆ្ងាយទៀត ដើម្បីឈានទៅដល់កម្រិតមុនវិបត្តិ ដែលមានអត្រាចន្លោះពី៩០ទៅ៩៥ភាគរយ”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទំហំនៃការ​ផ្គត់ផ្គង់ទីផ្សារលក់រាយនៅទីក្រុងភ្នំពេញ បានឈានដល់កម្រិតលើសតម្រូវ​ការ ដោយសារចំនួនផ្សារបែបសហគមន៍ និងផ្សារទំនើបធំៗត្រៀមនិងបាន​បើកដំណើរការកាន់តែច្រើន។

អ្នកស្រីបន្តថា “វាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធ្វើឲ្យទីផ្សារស្រូបយកអ្វីដែលមានការផ្គត់ផ្គង់ស្រាប់ ដើម្បីធ្វើឲ្យទីផ្សារនេះមានសភាពប្រសើរឡើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here