ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ តំបន់តាមបណ្ដោយផ្លូវ៥៩៨ ឬហៅថាផ្លូវជា សុផារ៉ា កាលពីមុន ជាតំបន់មួយចាត់ទុកជាតំបន់ឆ្ងាយពីទីក្រុង ជាតំបន់វាលស្រែលិចទឹក តែបានប្រែក្លាយជាតំបន់ ដែលមានការទាក់ទាញខ្លាំង ទៅលើការអភិវឌ្ឍអចលនទ្រព្យ។
បច្ចុប្បន្ននេះមានអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានទៅកាន់តំបន់នោះ និងអភិវឌ្ឍន៍លំនៅឋានជាបន្តបន្ទាប់ ដែលធ្វើឱ្យតំបន់នេះក្លាយជាតំបន់ទាក់ទាញ ទៅលើការអភិវឌ្ឍផ្ទះអាជីវកម្ម និងផ្ទះសម្រាប់អ្នកមានប្រាក់ចំណូលមធ្យមឡើងទៅ។
-->

អ្នកស្រីវ៉ន ណារ៉ាដាលីន ប្រធានផ្នែកលក់នៃបុរីKK The Resident 598 បានមានប្រសាសន៍កាលពីថ្ងៃទី១៣ តុលាកន្លងមកថា តំបន់តាមបណ្ដោយផ្លូវ៥៩៨ ឬហៅថាផ្លូវឯកឧត្តម ជាសុផារ៉ា គឺជាតំបន់ដែលកំពុងមានសក្ដានុពលខ្ពស់ ដោយយើងឃើញថាតំបន់នេះ ស្ថាប័នរដ្ឋធំៗបានមកចូលកាន់តំបន់នោះ ហើយអាជីវកម្មតាមបណ្ដោយផ្លូវនេះ ក៏កំពុងមានភាពមមាញឹកបណ្តើរៗ។

អ្នកស្រីបន្តថា ដោយមើលឃើញពីសក្ដានុពល នៃការអភិវឌ្ឍនៅតាមបណ្ដោយផ្លូវជា សុផារ៉ាមានការរីកចម្រើនបែបនេះ ទើបគម្រោង KK The resident បានសម្លឹងមើលពីការអភិវឌ្ឍ សម្រាប់ផ្គត់ផ្គង់ជូនអតិថិជននៅក្នុងតំបន់នោះដែរ ។
អ្នកស្រីបន្តថា គម្រោងនេះបានចាប់ផ្ដើមអភិវឌ្ឍន៍ឡើង ចំពេលដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូល កំពុងមានវិបត្តិកូវីដ១៩ ប៉ុន្តែការលក់នៃគម្រោងរបស់យើង ក៏នៅតែទទួលបានការគាំទ្រពី អតិថិជននិងប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការលំនៅឋានសម្រាប់រស់នៅ និងសម្រាប់ធ្វើអាជីវកម្ម។ អ្នកស្រីបន្តថា “គម្រោងរបស់យើងមានជាប្រភេទផ្ទះ អាជីវកម្មដែលអតិថិជនអាចប្រកបអាជីវកម្មបាន និងមានប្រភេទផ្ទះ វីឡាផងដែរ ” ។

អ្នកស្រីបន្តទៀតថា ទោះបីជាកម្ពុជានិងពិភពលោកកំពុងស្ថិតនៅក្នុងវិបត្តិនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងវិបត្តិកូវីដ១៩ដែលមិនទាន់បញ្ចប់ទាំងស្រុង ហើយធ្វើឱ្យទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសមានបញ្ហាផងដែរនោះ តែសម្រាប់ការលក់ផ្ទះរបស់គម្រោង KK The Resident នៅតែបន្តទទួលបានអតិថិជនទិញជាហូរហែរ។
អ្នកស្រីបន្តថា “ភាពវិជ្ជមានទាំងនេះ គឺដោយសារតែគម្រោងរបស់យើងនៅកៀកនឹងក្រុង ឬអាចនិយាយបានថានៅក្នុងក្រុងតែម្ដង មានផ្សារទំនើបៗនៅជុំវិញងាយស្រួល ក្នុងការធ្វើដំណើរចេញចូលក្នុងតំបន់ និងងាយស្រួលក្នុងការរកស៊ីជាដើម”។
អ្នកស្រីបន្ថែមថា គម្រោងអភិវឌ្ឍន៍លំនៅឋាន KK The Resident ត្រូវបានសាងសង់ឡើងលើទំហំដីជាង៤ហិចតា ដោយក្នុងនោះ៣ហិចតាមានបែងចែកជា តំបន់រស់នៅនិងតំបន់ធ្វើអាជីវកម្ម ចំណែកជាង១ហិចតាទៀតសម្រាប់សាងសង់ជាអគារពាណិជ្ជកម្ម ។ អ្វីដែលពិសេសនោះ គឺក្នុងគម្រោងមានការបែងចែក ការរស់នៅបែបឯកជនភាព និងការរស់នៅបែបអាជីវកម្ម ដោយយើងមានផ្សារសហគមន៍បែបទំនើប នៅក្នុងបុរីនោះផ្ទាល់តែម្ដង និងមានអគារខុនដូរហូតទៅដល់៣អគារនៅក្នុងថែមទៀតផង។

ជាការកត់សម្គាល់ ការអភិវឌ្ឍនៅតាមបណ្ដោយផ្លូវជា សុផារ៉ាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានក្រុមហ៊ុនក្នុង និងក្រៅស្រុកជាច្រើន បានបោះទុនអភិវឌ្ឍន៍គម្រោងនានាក្នុងតំបន់នោះ ដូចជាគម្រោងអគារខុនដ គម្រោងលំនៅឋានតម្លៃមធ្យមឡើង សម្រាប់អ្នកមានចំណូលមធ្យមកម្រិតខ្ពស់ និងអ្នកចំណូលខ្ពស់ ក៏ដូចជាគម្រោងបុរីលំនៅឋាន ដែលអភិវឌ្ឍន៍ដោយវិនិយោគិន ក្នុងស្រុកជាច្រើនទៀត៕

