ដោយ៖ សហការី
ភ្នំពេញ៖ ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ (TIA) គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ សម្រេចបានវឌ្ឍនភាពចំនួន៤០ភាគរយហើយ ដោយគម្រោងសាងសង់នេះគ្រោងបញ្ចប់ដំណាក់កាលទី១នៅឆ្នាំ២០២៤។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះ បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណរបស់ TIA នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ TIA នៅខេត្តកណ្តាល។
-->

អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC) ។
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា TIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម៕
