ការសិក្សាថ្មីៈ ទីផ្សារបុរីគ្រប់ប្រភេទកំពុងប្រឈមនឹងការប្រកួតប្រជែងខ្ពស់ក្នុងត្រីមាសទី៣

0

ដោយៈ សុផារី

ភ្នំពេញៈ របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅដើមខែតុលានេះ បានឱ្យដឹងថា នៅក្នុងរយៈពេល៣ខែចុងក្រោយនេះ ទីផ្សារបុរីគ្រប់ប្រភេទ និងគ្រប់ទម្រង់កំពុងប្រឈមការប្រកួតប្រជែងខ្ពស់ ដែលជំរុញឱ្យមានការធ្លាក់ចុះតម្លៃ គួរឱ្យកត់សម្គាល់។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានមានប្រសាសន៍ថា សម្រាប់ទីផ្សារបុរីនៅក្នុងទីក្រុងភ្នំពេញ ប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំង ពីមួយឆមាសទៅមួយឆមាស សម្រាប់គ្រប់ប្រភេទនៃបុរី និងគ្រប់ទម្រង់នៃបុរី។

អ្នកនាងបន្តថា “ទីផ្សារបុរីប្រភេទប្រណិត និងមធ្យមកំពុងប្រឈមការប្រកួតប្រជែងខ្ពស់ ដែលបណ្ដាលមកពីលំហូរចូល នៃអ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិថ្មី។ ជាពិសេស អ្នកអភិវឌ្ឍន៍ខុនដូមួយចំនួន ក៏បាននិងកំពុងផ្លាស់ប្ដូរមកអភិវឌ្ឍន៍បុរីផងដែរ”។

អ្នកនាងបន្តថា ចំណែក បុរីប្រភេទតម្លៃសមរម្យ ការប្រកួតប្រជែងកើតឡើងចំពោះអ្នកអភិវឌ្ឍន៍ ដែលមានស្រាប់នៅក្នុងទីផ្សារ ដែលហាក់ដូចជាទទួលរកនូវផលប៉ះពាល់ធ្ងន់ធ្ងរ បណ្ដាលមកពីផលប៉ះពាល់លើចំណូលរបស់អតិថិជនក្រុមនេះ។

អ្នកជំនាញរូបនេះ បានមានប្រសាសន៍បញ្ជាក់ថា ក្រុមអតិថិជនបុរីប្រភេទតម្លៃសមរម្យជាក្រុម ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ នៅ ក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចបែបនេះ។

ការប្រកួតប្រជែងនេះ បាននាំមកនូវការធ្លាក់ចុះ នៃតម្លៃបុរីគ្រប់ប្រភេទ និងគ្រប់ទម្រង់។

យោងតាមរបាយការណ៍ ដែលបានចេញផ្សាយបានបង្ហាញថា ប្រភេទវីឡាទោលបានធ្លាក់ចុះ០,៤ភាគរយ ប្រភេទវីឡាភ្លោះធ្លាក់ចុះ៤,២ ភាគរយ ផ្ទះអាជីវកម្មធ្លាក់ចុះ២,៣ភាគរយ និងប្រភេទផ្ទះធម្មតាបានធ្លាក់ចុះ០,៤ភាគរយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here