អ្នកជំនាញៈតំបន់តាមបណ្ដោយផ្លូវជាតិលេខ៦អានឹងក្លាយជាទីក្រុង ថ្មីមួយដ៏ទាក់ទាញ

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បណ្ដោយផ្លូវជាតិលេខ៦អា ជាតំបន់ដែលមានសកក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍលំនៅឋាន ជាក់ស្ដែងបច្ចុប្បន្ននេះ គេសង្កេតឃើញមានបណ្ដុំបុរីធំៗបានលេចរូបរាងឡើងជាបន្តបន្ទាប់។

នៅពេលអនាគតដ៏ខ្លីខាងមុខនេះ តំបន់តាមបណ្ដោយផ្លូវជាតិលេខ៦អានឹងក្លាយជាទីក្រុងថ្មីមួយ និងមានការអភិវឌ្ឍកាន់តែខ្លាំង។

លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនAmatak Property Service បានមានប្រសាសន៍កាលពីម្សិលម៉ិញនេះថា តំបន់នៅតាមបណ្ដោយផ្លូវ៦អា រយៈពេល២ឆ្នាំចុងក្រោយនេះ ឃើញមានការអភិវឌ្ឍខ្លាំង ដូចជា ប្រភេទបុរី ហើយថ្មីៗនេះក៏លឺព័ត៌មានថា គេនឹងអភិវឌ្ឍន៍ផ្សារទំនើបនៅតំបន់នោះផងដែរ។ ដូច្នេះហើយនៅពេលដែលមានផ្សារទំនើប មានអ្នករស់នៅច្រើន តំបន់នោះ នឹងក្លាយទៅជាទីក្រុងលឿន។

លោកស្រីបន្តថា “សក្ដានុពលនៃតំបន់ផ្លូវជាតិលេខ៦អា យើងមានពហុកីឡដ្ឋានថ្មី និងធំជាងគេនៅកម្ពុជា ដូច្នេះទីក្រុងថ្មីនឹងត្រូវពង្រីកនៅជុំវិញគម្រោងស្តាតនោះហើយ”។ អ្នកស្រីបន្តថា “ទីតាំងជុំវិញស្តាតនោះគឺល្អខ្លាំងណាស់ដោយមានទន្លេអមសងខាង ហើយពីរបីខាងមុខទៀតតំបន់នោះនឹងមានមនុស្សទៅរស់នៅកាន់តែច្រើន ដោយបច្ចុប្បន្ននេះយើងឃើញថាមានបុរីធំៗកាន់តែច្រើន កំពុងពង្រីកខ្លួនហើយ សុទ្ធតែជាបុរីល្បីឈ្មោះនៅកម្ពុជា”។

លោកស្រីតាំង ហួរបានបន្ថែមថា ចាប់តាំងពីមានការអភិវឌ្ឍជាបុរី លំនៅឋាននៅតំបន់នោះ ក៏បានជំរុញឱ្យតម្លៃដីធ្លី នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា មានសន្ទុះកើនឡើងមួយកម្រិតទៀតផងដែរ ប៉ុន្តែការកើនឡើងនៃតម្លៃដីនេះ ក៏នៅតែអាចទទួលយកបាន និងអាចធ្វើឱ្យអ្នកអភិវឌ្ឍន៍ទទួលបានប្រាក់ចំណេញក្នុងការអភិវឌ្ឍ។

លោកស្រីបន្តថា “ដីនៅជិតក្រុងកាន់តែមានតម្លៃខ្ពស់ ហើយបើទៅឆ្ងាយពីក្រុងបន្តិចតម្លៃក៏ទាបទៅតាមហ្នឹងដែរ ជាក់ស្ដែងដីនៅក្បែរតន្លេសាបមកជិតក្រុងបន្តិច តម្លៃមានរហូតដល់៣០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយបើទៅឆ្ងាយជិតដល់ព្រែកតាមាក់តម្លៃ ក្រោម១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance បានលើកឡើងផងដែរថា តំបន់ផ្លូវលេខ៦អាជាតំបន់ ដែលមានការទាក់ទាញទៅលើការអភិវឌ្ឍលំនៅឋាន តម្លៃមធ្យមឡើងដល់តម្លៃខ្ពស់ ពីព្រោះផ្ទះនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា មានដល់ខ្ទង់លានដុល្លារអាមេរិក ក្នុងមួយល្វែង ។

លោកបន្តថា “នៅពេលតំបន់ណាមួយ ចាប់ផ្ដើមមានអ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់ ហើយទទួលបានជោគជ័យ ក៏មានអ្នកអភិវឌ្ឍន៍ថ្មីៗជាបន្តបន្ទាប់ ចូលទៅកាន់តំបន់នោះ ដើម្បីស្វែងរកទីតាំងដើម្បីអភិវឌ្ឍន៍ទៅតាមនោះដែរ ឬគេហៅថាបណ្ដុំបុរី ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here