អគារកប់ពពកមានដាំរុក្ខជាតិ និងដើមឈើរហូតដល់ទៅ៨០.០០០ដើមត្រូវបានដាក់ឱ្យដំណើរការ

0

ដោយៈ សុខុម

សិង្ហបុរី: ជាទូទៅ នៅក្នុងសំណង់អគារខ្ពស់ៗ ជាពិសេសអគារកប់ពពក គេពិតជាកម្រឃើញកន្លែង ដែលមានធម្មជាតិបៃតងណាស់ នៅក្នុងទីក្រុង ហើយបើនៅក្នុងទីក្រុង ដែលមានប្រជាជនរស់នៅច្រើនកកកុញ ដូចនៅសិង្ហបុរី ជាដើម គឺរឹតតែមិនបាច់និយាយទៅទៀត។

ទោះជាយ៉ាងណា ដោយគិតគូរយ៉ាងហ្មត់ចត់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយអំពីសុខុមាលភាព របស់អ្នកនៅក្នុងអគារ ស្ថាបត្យករបានរចនាប្លង់អគារកប់ពពកមួយដែលមានឈ្មោះថា CapitaSpring Tower នៅក្នុងប្រទេសសិង្ហបុរី ដោយមានដាំរុក្ខជាតិ និងដើមឈើរហូតដល់ទៅ៨០.០០០ដើមដើម្បីជួយបន្សុទ្ធខ្យល់ក្នុងអគារ ផ្ដល់ទេសភាពបៃតង និងភាពស្រស់ស្រា​យបែបធម្មជាតិពិតៗ។

អគារកប់ពពកដែលផ្សារភ្ជាប់ នឹងធម្មជាតិបៃតងយ៉ាងកម្រនេះ ទើបតែត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៤ ខែតុលា។

ដោយមានកម្ពស់២៨០ម៉ែត្រ និងមានជាន់សរុបចំនួន៥១ជាន់ CapitaSpring Tower នៅពេលនេះ បានស្ថិតក្នុងចំណោមអគារខ្ពស់ៗបំផុតនៅក្នុងប្រទេសសិង្ហបុរី។

អគារនេះជាកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចំនួន២ គឺក្រុមហ៊ុនCapitaLand និងក្រុមហ៊ុនMitsubishi Estate ហើយអ្នកជួលអគារនេះ ក៏រួមមាន ទាំងធនាគារវិនិយោគអាមេរិក J.P. Morgan ផងដែរ។

ដើម្បីឱ្យស្របតាមការជំរុញរបស់រដ្ឋាភិបាល ធ្វើយ៉ាងណាធានាឱ្យបានថា សង្កាត់ពាណិជ្ជកម្មនៅក្នុងប្រទេសសិង្ហបុរី ផ្ដល់នូវអ្វីលើសពីទីធ្លាការិយា​ល័យ ក្រុមហ៊ុនអភិវឌ្ឍន៍ក៏បានបើកចំហតំបន់ទេសភាពខ្លះ នៃអគារនេះដើម្បីស្វាគមន៍សាធារណជន៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here