គម្រោងរោងចក្រពីរមានតម្លៃជាង១១លានដុល្លារអាមេរិកត្រូវបានអនុម័តឱ្យវិនិយោគជាផ្លូវការ

ចែករំលែក

 ដោយៈ លក្ខិណា

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅល្ងាចថ្ងៃទី១៤ តុលា២០២២នេះបានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនក្រុមហ៊ុនវិនិយោគ២លើគម្រោងរោងចក្រ ដោយមួយនៅខេត្តកំពង់ស្ពឺ និងមួយទៀតនៅខេត្តកណ្ដាល។

យោងតាមសេចក្ដីប្រកាសនោះឱ្យដឹងថា គម្រោងរោងចក្រទាំងពីររួមមាន ទី១.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅ ភូមិអង្គរោងឃុំមហាឬស្សី ស្រុកគងពិសីខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៨លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន២.៣៣៦នាក់។

ទី២ គម្រោងបង្កើតរោងចក្រផលិតខ្សែ ក្រវ៉ាត់និងកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានទុនវិនិយោគ ប្រមាណ៥,៥លានដុល្លារអាមេរិកនិងបង្កើតការងារបានចំនួន១.៧១៨នាក់ ។

នៅក្នុងឆ្នាំ ២០២២នេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញឱ្យឃើញថា មានគម្រោងវិនិយោគថ្មីៗ ជាបន្តបន្ទាប់ទាំងគម្រោងតូចៗនិងធំៗ មានតម្លៃរហូតដល់ពាន់លានដុល្លារ ត្រូវបានអនុម័តឱ្យដំណើរការវិនិយោគ ដែលបង្ហាញពីការកក្រើកឡើងវិញ នៃសកកម្មភាពនៅក្នុងប្រទេសកម្ពុជា ទោះបីជាមិនទាន់មានវិនិយោគិនបរទេស ចូលមកច្រើនដូចមុនស្ថានភាពកូវីដ១៩ក្ដី៕


ចែករំលែក