ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហីរ៉ូបានមានប្រសាសន៍ថា ផ្សារទំនើបAEON Mall3នៅទីក្រុងភ្នំពេញ នឹងក្លាយជាផ្សារទំនើបធំជាងគេនៅតំបន់អាស៊ី។
លោកបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងអំឡុងពេលលោក និងលោកអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានប្រារពពិធីដាំដើមឈើចំនួន៨០០០ដើម នៅបរិវេណផ្សារទំនើបដ៏ធំ ដែលមានទីតាំងស្ថិតនៅបណ្តោយមហាវិថីសម្តេចតេជោកាលពីដើមសប្តាហ៍មុន។
-->

លោកមីកាមិ ម៉ាសាហ៊ីរ៉ូបានបន្តថា ផ្សារទំនើប អ៉ីអន ម៉ល មានជ័យ នឹងក្លាយជាផ្សារធំជាងគេនៅអាស៊ី ក្រោយពេលសាងសង់រួច បើកឱ្យណើរការ ហើយតាមរយៈផ្សារទំនើបនេះ នឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង ពិសេសធ្វើឱ្យផ្លាស់ប្តូរសេដ្ឋកិច្ចជាតិ នៃប្រទេសទាំង២ កម្ពុជា-ជប៉ុន កាន់តែប្រសើរឡើង។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្តែងការអបអរសាទរ ចំពោះវឌ្ឍនភាព នៃការសាងសង់ផ្សារទំនើបអ៉ីអនម៉ល គំរូទី៣ របស់ក្រុមហ៊ុនអ៉ីអនម៉លខូអិលធីឌី ដែលបានដំណើរការជាតិប្រក្រតី និងសម្រេចបានតាមផែនការដែលបានគ្រោងទុក ទោះបីក្រៅពីបើកការដ្ឋានជាពិសេសនៅឆ្នាំ២០២១កន្លងទៅ ប្រទេសកម្ពុជានិយាយជារួម និងនិយាយដោយឡែក រាជធានីភ្នំពេញ ក្រៅប្រឈមនឹងវិបត្តិជាសកលបង្កឡើង ដោយជំងឺកូវីដ-១៩ យ៉ាងណាក្ដី។
ពិធីដាំកូនឈើ ការបង្កើតព្រៃឈើក្នុងមាតុភូមិ កំណើតជាមួយនឹងអ៉ីអន មានគោលបំណងបង្កើតផ្សារទំនើប ដែលហុំព័ទ្ធដោយរុក្ខជាតិពណ៌បៃតង នៅក្នុងសហគមន៍មូលដ្ឋាន ក្នុងបរិវេណផ្សារទំនើបសាងសង់ថ្មី ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍តំបន់នោះ និងយកចិត្តទុកដាក់ថែទាំ ដើម្បីក្លាយជាផ្សារទំនើប ដែលបណ្តុះស្មារតីសហគមន៍បៃតង។
ដើមឈើដែលបានដាំកន្លងមក និងដាំរួមគ្នានៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃសាមគ្គីភាព ផ្សាភ្ជាប់យ៉ាងស្អិតរវាងវិស័យ សាធារណៈវិស័យឯកជន និងកម្លាំងមហាជន ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន ក្នុងទីក្រុងឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពរឹងមាំថតថេរជានិរន្តរ៍៕
