ទីផ្សារអចលនទ្រព្យកម្ពុជាបន្តបោះជំហានល្អប្រសើរ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះទោះបីប្រឈមបញ្ហាមួយចំនួនក្តី

0

ដោយ: សុផារី

ភ្នំពេញ: ក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ ស្ថានភាពនៃទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នៅតែបន្តដំណើរទៅមុខបន្តិចម្ដងៗ បើទោះបីជាប្រឈមនឹងបញ្ហាមួយចំនួនក្តី។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា យើងឃើញថា ស្ថានភាពនៃវិស័យចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ នៅតែបន្តដំណើរការបន្តិចម្ដងៗដដែល ដោយមិនមានការរាំងស្ទះ រហូតដល់មានជាវិបត្តិធ្ងន់ធ្ងរនោះទេ។

លោកបានបន្តថា “នេះគឺជានៃយន្តការ នៃការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែបញ្ហាប្រឈម និងផលប៉ះពាល់មួយចំនួន ដែលធ្វើឲ្យមានការធ្លាក់ចុះក្នុងការទិញលក់ ដោះដូរអចលនទ្រព្យខ្លះ ដោយសារបញ្ហាកូវីដ១៩​”។

ជាមួយគ្នានេះ លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗថា ស្ថានភាពអចលនទ្រព្យកម្ពុជា ទទួលរងនូវឥទ្ធិពលទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅ។

លោកលើកឡើងបន្តថា ជាក់ស្តែងកាលពីឆ្នាំ២០០៣ ជាឆ្នាំបោះឆ្នោត ទីផ្សារអចលនទ្រព្យមានបញ្ហាតិចតួច ដោយសារតែមានការព្រួយបារម្ភអំពីការផ្លាស់ប្ដូរស្ថានភាពនយោបាយ។ ម្យ៉ាងទៀត ស្ថានភាពទីផ្សារពិភពលោ​កនិងក្នុងតំបន់ ក៏ជាកត្តាជះឥទ្ធិពល ដល់ទីផ្សារអចលនទ្រព្យកម្ពុជាផងដែរ។

លោកបញ្ជាក់ថា ក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះ ផលប៉ះពាល់ ដែលធ្ងន់ធ្ងរបំផុត លើទីផ្សារអចលនទ្រព្យកម្ពុជា កើតឡើងនៅក្នុងឆ្នាំ២០០៨ ដោយសារតែវិបត្តិហិរញ្ញវត្ថុ ដែលសាយភាយចេញពីសហរដ្ឋអាមេរិក។ បច្ចុប្បន្ន បញ្ហាកូវីដ១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏ជាបញ្ហាធំមួយផងដែរ ដែលប៉ះពាល់ដល់ការទិញលក់អចលនទ្រព្យ សង្វាក់ផលិតកម្ម ការធ្វើអាជីវកម្ម និងការធ្វើជំនួញ។

យ៉ាងណាក្តី លោកបញ្ជាក់ថា “បើប្រៀបធៀបជាមួយនឹងប្រទេសមួយចំនួននៅក្នុងពិភពលោក ប្រទេសកម្ពុជាមានផលប៉ះពាល់ ក្នុងកម្រិតតិចតួចជាងប្រទេសមួយចំនួនផ្សេងទៀត”។

លោកសន សៀប អះអាងថា លទ្ធផលល្អប្រសើរនេះបានមកពីភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំង និងទប់ស្កាត់ការជំងឺកូវីដ១៩ ព្រមទាំងការវិនិយោគ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗផងដែរ។ នេះក៏ដើម្បីត្រៀមខ្លួនក្នុងការស្វាគមន៍ ការត្រឡប់មកវិញនៃវិនិយោគិនបរទេស ព្រមទាំងបានផ្តល់នូវទំនុកចិត្តដល់ទីផ្សារអចលនវត្ថុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here