ដោយ: លាងហួរ
បាងកក:ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៥ ជាប្រទេសល្អបំផុតនៅអាស៊ី និងលេខ២៨ក្នុងពិភពលោក។ នេះបើយោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះ ដែលធ្វើឡើងដោយក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយអាមេរិក US News ។
ក្នុងចំណោមប្រទេសចំនួន៨៥ ដែលបានស្ទាបស្ទង់នោះ ប្រទេសស្វីស ជាប់ជាប្រទេសល្អបំផុតនៅឆ្នាំនេះ តាមពីក្រោយដោយប្រទេសអាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និងប្រទេសស៊ុយអែត។
-->
ដោយឡែកសម្រាប់ប្រទេស ដែលជាប់ចំណាត់ថ្នាក់ល្អបំផុតនៅអាស៊ីត្រូវបានដឹកនាំដោយប្រទេសជប៉ុន តាមពីក្រោយដោយប្រទេសចិន សិង្ហបុរី កូរ៉េខាងត្បូង និងថៃ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា “ផ្អែកលើការចុះបញ្ជីអាស៊ី ប្រទេសថៃអាចចាត់ទុកថា ជាប្រទេសល្អបំផុតទីពីរនៅក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី”។
ការកំណត់ចំណាត់ថ្នាក់នេះ បានផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន១០ដូចជា ការផ្សងព្រេង ភាពរហ័សរហួន ឥទ្ធិពលវប្បធម៌ ភាពជាសហគ្រិន បេតិកភណ្ឌ movers ការបើកចំហសម្រាប់អាជីវកម្ម អំណាច គោលបំណងសង្គម និងគុណភាពនៃជីវិត។
លោក Anucha បាននិយាយថា ចំណាត់ថ្នាក់នេះបានបង្ហាញថា ជនបរទេស មានទស្សនៈវិជ្ជមានចំពោះប្រទេសថៃ ដែលពួកគេចាត់ទុកជាគោលដៅទេសចរណ៍ ដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។
ប្រទេសថៃធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងពានរង្វាន់ Conde Nast Traveler Readers’ Choice Awards នៅឆ្នាំ២០២២នេះផងដែរ៕
