ប្រទេសវៀតណាមគ្រោងចំណាយថវិកា១៦៣លានដុល្លារដើម្បីសាងសង់ផ្លូវឆ្លងកាត់ខេត្តដីសណ្តមេគង្គ

0

ដោយ: លាងហួរ

វៀតណាម: ក្រសួងដឹកជញ្ជូនវៀតណាម បានដាក់ជូនរបាយការណ៍សិក្សាលទ្ធភាពសម្រាប់ការអនុវត្តការសាងសង់ផ្លូវពីរខ្សែ ឆ្លងកាត់ខេត្ត Kiên Giang និងខេត្ត Bạc Liêu ក្រោមគម្រោងផ្លូវល្បឿនលឿន Hồ Chí Minh ប្រវែង២.៧៧៤គីឡូម៉ែត្រ។

យោងតាមជម្រើសដែលបានស្នើឡើងដោយក្រសួង ផ្លូវទាំង២ខ្សែនឹងមានប្រវែងសរុបជិត៥២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវប្រហែល៤៥គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្ត Kiên Giang។

ទំហំវិនិយោគសរុបនៃផ្លូវទាំងនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងត្រូវចំណាយថវិការដ្ឋប្រមាណ៣,៩ពាន់ពាន់លានដុង (ស្មើនឹង១៦៣លានដុល្លារអាមេរិក) ហើយគម្រោងសាង​សង់​នេះ​តម្រូវ​លើផ្ទៃដី​ទំហំ៩៦ហិកតា ហើយទាមទារឱ្យមានការ​ផ្លាស់​ប្តូរ​ទីលំនៅ​ចំនួនជាង១៨០គ្រួសារ។

យោងតាមផែនការបណ្តាញផ្លូវជាតិ ក្នុងដំណាក់កាលឆ្នាំ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យសម្រាប់ឆ្នាំ២០៥០ បានបង្ហាញថា ផ្លូវនេះនឹងមាន០២គន្លង អនុញ្ញាតិឱ្យបើកបរដោយល្បឿនអតិបរមា៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំណែក ការបោសសំអាតទីតាំង និងការតាំងទីលំនៅថ្មីសម្រាប់ផ្នែកនានា ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុវត្តក្នុងរយៈពេល២ឆ្នាំ (ឆ្នាំ២០២២-២០២៣) ហើយការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ និងបញ្ចប់នៅឆ្នាំ២០២៥។

ផ្លូវទាំងពីរខ្សែនេះនឹងជួយសម្រួល ដល់ការធ្វើពិពិធកម្មការដឹកជញ្ជូន លើកកម្ពស់ចរាចរទំនិញ  និងការដឹកជញ្ជូនអ្នកដំណើរ កាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូន ធានាសុវត្ថិភាពចរាចរណ៍ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅក្នុងខេត្តដីសណ្តមេគង្គ Cửu Long ។

គម្រោងផ្លូវល្បឿនលឿន Hồ Chí Minh គឺជាការងារដ៏សំខាន់មួយ ដែលមានសារៈសំខាន់ខ្លាំង ក្នុងវិស័យសេដ្ឋកិច្ច ការការពារជាតិ-សន្តិសុខ ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here