ក្រុមហ៊ុនអចលនទ្រព្យកម្ពុជាមួយគ្រោងបើកលក់មូលបត្របំណុលបៃតងដំបូងគេបង្អស់ក្នុងទីផ្សារកម្ពុជានាពេលឆាប់ៗនេះ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីសេចក្ដីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណបៃតងដំបូង) របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី។

ក្រុមហ៊ុនអចលនទ្រព្យមួយនេះ គ្រោងនឹងចាប់ផ្តើមបើកលក់មូលបត្របំណុលបៃតងដំបូងគេបង្អស់ក្នុងទីផ្សារកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។

លោក អ៊ុំ ដេវីដ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រុមហ៊ុន Golden Tree Co., Ltd បានមានប្រសាសន៍នៅថ្ងៃទី១៧ ខែតុលានេះថា ទីផ្សារមូលបត្របំណុលបានកើតមានឡើង នៅកម្ពុជាជាង១០ឆ្នាំហើយ តែមូលបត្របំណុលបៃតងជាទីផ្សារថ្មីមួយ ដែលទើបតែចាប់ផ្តើម ហើយគ្រោងចាប់ផ្តើមបើកលក់នាពេលឆាប់ៗខាងមុខនេះ។

ពាក់ព័ន្ធនឹងមូលបត្របំណុល លោកពន្យល់ថា វាកើតមានឡើង នៅពេលដែលក្រុមហ៊ុនមួយត្រូវការទុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុនអាចខ្ចីលុយពីសំណាក់ប្រជាជនទូទៅបាន តាមរយៈការទិញដូរតាមទីផ្សារមូលបត្រកម្ពុជា។

លោកបន្តថា​ ចំណែកមូលបត្របំណុលបៃតង សំដៅលើមូលបត្រទាំងឡាយណា ដែលត្រូវបានបោះពុម្ពសម្រាប់ក្រុមហ៊ុនដែលជួយដល់បរិស្ថាន (គម្រោងបៃតង) ដែលជាគម្រោងអាជីវកម្មជួយដល់បរិស្ថានត្រលប់ទៅវិញ និងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

នៅក្នុងទីផ្សារប្រទេសកម្ពុជា មូលបត្របំណុលកើតមានឡើងនៅក្នុងប្រទេស ចាប់តាំងពីឆ្នាំ២០១២ ដែលកាលនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាស្ថាប័នដំបូងគេបង្អស់បានចាប់ផ្តើមអាជីវកម្មនេះ ហើយក្រោយមកធនាគារហត្ថា ជាធនាគារដែលបោះពុម្ពផ្សាយមូលបត្របំណុលមុនគេ។ រហូតមកដល់ក្រុមហ៊ុន Golden Tree ជាអ្នកបោះផ្សាយលក់មូលបត្របំណុលបៃតងដំបូងគេបង្អស់នៅកម្ពុជា។

លោក ដេវីដ ឱ្យដឹងថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុនអចលនទ្រព្យមួយនេះបាន និងកំពុងបន្តនិតិវិធីចុះបញ្ជី ហើយគ្រោងនឹងប្រកាសលក់មូលបត្របំណុលនៅក្នុងទីផ្សារកម្ពុជា នាពេលឆាប់ៗខងមុខនេះ។

ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសសិង្ហបុរីជាប្រទេសមួយ ដែលបានបោះពុម្ពផ្សាយមូលបត្របំណុលបៃតងច្រើនជាងគេ។ ក្រៅពីនេះក៏មានប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលប្រទេសទាំង៥នេះបាន និងកំពុងបន្តសកម្មភាពបោះពុម្ពបំណុលមូលបត្របៃតង៕

LEAVE A REPLY

Please enter your comment!
Please enter your name here