ដោយ: លាងហួរ
បាងកក: រដ្ឋាភិបាលថៃកំពុងពន្លឿនការសាងសង់ ដំណាក់កាលទីពីរ នៃផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន ដែលតភ្ជាប់ពីខេត្តនគររាជសីមា ទៅកាន់ខេត្តណងខៃ និងផ្លូវរថភ្លើងផ្លូវតភ្ជាប់ពីខេត្តខនកេន ទៅណងខៃ ដែលមានតម្លៃសរុបចំនួន៣៣០ពាន់លានបាត (ប្រហែល៨,៦៣ពាន់លានដុល្លារ)។
កិច្ចប្រជុំ នៃគណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍន៍ភស្តុភារ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow កាលពីថ្ងៃទី១០ ខែតុលា បានព្រមព្រៀងគ្នា ពន្លឿនលើគម្រោងអភិវឌ្ឍន៍ផ្លូវដែកទាំង២ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន។
នេះយោងតាមលោក Danucha Pichayanan អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានឱ្យដឹងថា ក្រសួងដឹកជញ្ជូនអាចនឹងស្នើចំណាត់ការទៅគណៈរដ្ឋមន្ត្រី ដើម្បីអនុម័ត ក្នុងពេលឆាប់ៗនេះ។
ដំណាក់កាលទីពីរ នៃគម្រោងរថភ្លើងល្បឿនលឿនរបស់ចិន ដែលមានប្រវែង៣៥៦គីឡូម៉ែត្រ តភ្ជាប់ពីនគររាជសីមា ទៅណងខៃ មានតម្លៃ៣០០ពាន់លានបាត ខណៈផ្លូវប្រវែង១៦៧គីឡូម៉ែត្រ ដែលតភ្ជាប់ពីខុនកេនទៅណងខៃ មានតម្លៃ២៩,៧ពាន់លានបាត។
ផ្លូវទាំងនេះនឹងតភ្ជាប់រថភ្លើង ដែលធ្វើដំណើរពីប្រទេសថៃ ទៅកាន់ប្រទេសឡាវ និងបន្តទៅច្រកគួនមីង (Kunming) ក្នុងប្រទេសចិន៕