ដោយៈ គង់ សូរិយា
ភ្នំពេញៈ នៅពេលនិយាយពីវិស័យអចលនទ្រព្យ ផ្នែកជាច្រើនបានរងផលប៉ះពាល់ ដោយសារវិបត្តិផ្ទួនៗគ្នានៃជំងឺកូវីដ១៩ និងសង្រ្គាមរវាងរស្ស៊ី និងអ៊ុយក្រែន។
ប៉ុន្តែស្ថិតក្នុងវិបត្តិ និងឱកាសកំពូងកើតឡើង និងកត្តាដែលនឹងជម្រុញវិស័យនេះរីកចម្រើននាពេលអនាគត អ្នកជំនាញលំដាប់អន្តរជាតិនៅកម្ពុជាបានមើលឃើញផ្នែកមួយចំនួន នៅតែបន្តរក្សាកំណើនរ៉ឹងមាំនាពេលអនាគត។
-->

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodia និងជាសមាជិកគណៈកម្មការវាយតម្លៃ ពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពនៅអាស៊ីនៃក្រុមហ៊ុនProperty Guruបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ប្រទេសកម្ពុជាមានភាពរីកចម្រើនខ្លាំងណាស់ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ី ហើយកត្តាដែលធ្វើឲ្យយើងរីកចម្រើនបន្ថែម គឺការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។
អ្នកស្រីបន្តថា “ការប្រកួតប្រជែងរបស់អ្នកអភិវឌ្ឍន៍ ដែលពីមុនគាត់មិនសូវខ្វល់ពីការឌីសាញ និងគុណភាពអាគារនោះទេ ប៉ុន្តែរយៈពេលពីរឆ្នាំចុងក្រោយ នៅពេលទីផ្សារធ្លាក់ចុះ គឺការប្រកួតប្រជែងមានសភាពខ្លាំងក្លាមែនទែន”។ អ្នកស្រីបន្តថា “ពេលនេះ ជាពេលវេលាដែលល្អ ព្រោះវាបង្ហាញឲ្យយើងឃើញថា តើអ្នកណាជាអ្នកមានភាពរ៉ឹងមាំក្នុងវិស័យនេះ និងជាអ្នកអភិវឌ្ឍន៍ល្អពិតប្រាកដ”។

អ្នកស្រីអាន សុធីតាបានបន្តថា អ្វីដែលសំខាន់នាពេលនេះ គឺបង្ហាញថា អ្នកអភិវឌ្ឍន៍ណានៅតែឈរជើងរ៉ឹងមាំ មានលំហូរទុនរ៉ឹងមាំ និងអាចបញ្ចប់គំរោងរបស់ពួកគេបាន។ អ្នកស្រីបន្តថា ទោះបីសេដ្ឋកិច្ចមានការធ្លាក់ចុះ ប៉ុន្តែយើងអាចមើលឃើញចំណុចវិជ្ជមាន នៅក្នុងទីផ្សារអចលនទ្រព្យ។
ចំណែក លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia ដែលបាននិងកំពុងអភិវឌ្ឍន៍៍បុរីវិមាន សំណាងបានមានប្រសាសន៍ថា នៅក្នុងវិបត្តិជំងឺកូវីដ និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែនក្រុមហ៊ុនដែលមានប្រភពទុនគ្រប់គ្រាន់ បុរីដែលមានប្រភពទុនរ៉ឹងមាំ នៅតែដំណើរការលក់បានធម្មតា មិនមានបញ្ហាអ្វីគួរឲ្យកត់សំគាល់ឡើយ។
លោកបន្តថា “នៅក្នុងវិបត្តិបែបនេះ វាបង្ហាញថាអ្នកណាខ្លាំងពិតប្រាកដនៅក្នុងទីផ្សារ ហើយខ្ញុំតែងតែវិនិយោគនៅពេលគេគិតថាមានបញ្ហា ព្រោះនៅពេលគេគ្រប់គ្នាមិនធ្វើ ខ្ញុំធ្វើនៅពេលមានបញ្ហានោះជាឱកាសចំណេញបានប្រាក់ច្រើន”។ លោកឧកញ៉ាបន្តថា “នៅពេលគេគិតថាមានផលចំណេញច្រើន ឱកាសច្រើន ខ្ញុំមិនធ្វើច្រើននោះទេ ព្រោះជាពេលដែលមានផលចំណេញតិច”។
លោកឧកញ៉ាគីម ហ៊ាងបានបន្តថា ការរីកចម្រើនក្នុងវិស័យនេះ នឹងបន្តមានភាពរ៉ឹងមាំរយៈពេលវែងបន្តទៀត ប៉ុន្តែបើសួរថាគួរវិនិយោគលើផ្នែកអ្វីក្នុងវិស័យនេះ វាអាស្រ័យលើបុគ្គលនោះមានធនធានកម្រិតណា មានបទពិសិធន៍កម្រិតណា ឬជាអ្នកទើបចាប់ផ្តើមអភិវឌ្ឍន៍។ ហេតុនេះពួកគេគួរសិក្សានិងថ្លឹងថ្លែងពីអ្វីដែលពួកគេមាន និងបទពិសោធន៍ សមត្ថភាពរបស់ខ្លួន៕
