អ្នកជំនាញ៖ គម្រោងដីឡូតិ៍ដែលធ្វើពិពិធកម្មអភិវឌ្ឍន៍នៅតែបន្តទទួលបានការគាំទ្រខ្ពស់

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការអភិវឌ្ឍដីឡូតិ៍មានការថមថយជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍដីឡូត៏លំនៅឋានដែលមានទំហំ៥គុណនឹង២០ម៉ែត្រ ហើយនៅតំបន់ជិតៗក្រុង។ យ៉ាងណាក្តី អ្នកអភិវឌ្ឍន៍ដីឡូតិ៍នៅកម្ពុជានៅតែមានទំនុកចិត្តខ្ពស់ ចំពោះអាជីវកម្មរបស់ខ្លួន។

អ្នកជំនាញអចលនទ្រព្យមើលឃើញថា ការអភិវឌ្ឍដីឡូតិ៍ នាពេលបច្ចុប្បន្ននេះ មិនសូវមានការគាំទ្រដូចកាលពីប៉ុន្មានមុនឡើយ ប៉ុន្តែសម្រាប់ដីឡូត៏ ដែលធ្វើពិពិធកម្មក្នុងការអភិវឌ្ឍ នៅតែបន្តទទួលបានការគាំទ្រដដែល។

លោក ខូល័រ តាន់ អគ្គនាយកក្រុមហ៊ុនយ៉ង់សៀ បានមានប្រសាសន៍ថា ក្នុងដំណាក់កាលនេះអាជីវកម្មដីឡូតិ៍មានការប្រកួតប្រជែងគ្នាខ្លាំង ទាំងដីឡូតិ៍សម្រាប់លំនៅឋាន និងដីឡូតិ៍លំហែ។ ចំណែកដីឡូតិ៍ ដែលមានទំហំ៥គុណនឹង២០ នាពេលបច្ចុប្បន្ននេះពិតជាពិបាកលក់ និងរកអតិថិជនជាងមុន ដែលខុសពីប៉ុន្មានឆ្នាំ ដែលមានការគាំទ្រច្រើនពីអតិថិជនជាច្រើន។

លោកបន្តថា អាជីវកម្មដីឡូតិ៍នៅក្នុងប្រទេសកម្ពុជានឹងកាន់តែពិបាក ហើយអាចនឹងបាត់បង់បន្តិចម្ដងៗ បើសិនជាម្ចាស់អភិវឌ្ឍន៍នៅតែផ្ដោតលើប្រាក់ចំណេញជាធំ និងមិនបានគិតគូរពីការអភិវឌ្ឍរបស់ខ្លួនឱ្យបានល្អនោះ។ ម្ចាស់គម្រោងខ្លះ គាត់ពុះដីឡូតិ៍ដោយគ្រាន់តែចាក់បំពេញដី រួចហើយក៏បោះបង្គោលឡូតិ៍ និងធ្វើទីផ្សារលក់តែម្ដង ដោយមិនបានគិតពីហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងនោះ ដូចជា ប្រព័ន្ធលូក្រោមដី ប្រព័ន្ធទឹកស្អាត ភ្លើងនិងផ្លូវនៅក្នុងគម្រោង ជាដើម។ នៅពេលអតិថិជនទិញគម្រោងនោះហើយចូលទៅសង់ផ្ទះស្នាក់នៅ ពួកគាត់នឹងពិបាក ដោយសារតែមិនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្ថែមថា សម្រាប់គម្រោងដីឡូតិ៍មួយចំនួន ដែលអភិវឌ្ឍន៍ក្រោយៗនេះ ម្ចាស់គម្រោងបានធ្វើពិពិធកម្មមួយចំនួន ដោយផ្តោតលើទំហំធំៗជាងមុន ដូចជា១០គុណនឹង៣០ម៉ែត្រ ២០គុណនឹង៤០ម៉ែត្រ ដែលជាប្រភេទដីសម្រាប់សង់ផ្ទះលំហែ និងបានរៀបចំនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ។ អ្នកទិញគម្រោងនោះ អាចចូលទៅសាងសង់អភិវឌ្ឍន៍ផ្ទះលំហែរបស់ខ្លួន ដោយងាយស្រួល។

លោកថា ”គម្រោងបែបនេះនៅតែទទួលបានការគាំទ្រ និងទិញពីសំណាក់ប្រជាពលរដ្ឋ ហើយអភិវឌ្ឍជាផ្ទះលំហែ ដើម្បីមកសម្រាកនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកបុណ្យទាន ជាដើម”។

បច្ចុប្បន្ននេះ ម្ចាស់គម្រោងដីឡូតិ៍មួយចំនួនបានបង្វែរទៅការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យហើយលក់ជូនពលរដ្ឋជំនួសឱ្យការពុះដីឡូតិ៍លក់។ ជាក់ស្តែង នៅតំបន់ផ្លូវ៥១នៃខេត្តកំពង់ស្ពឺ ដែលកាលពីប៉ុន្មានឆ្នាំមុន ជាតំបន់អភិវឌ្ឍន៍ដីឡូតិ៍ដ៏មានសក្ដានុពល។ បច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍ក៏បានចាប់ផ្ដើមសាងសង់លំនៅឋានតម្លៃសមរម្យ សម្រាប់ពលរដ្ឋជំនួសវិញ តែគម្រោងដីឡូតិ៍នៅតែបន្តអភិវឌ្ឍដដែលគ្រាន់តែមិនច្រើនដូចមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here