អ្នកជំនាញអន្តរជាតិ៖ ការអភិវឌ្ឍន៍ផ្តោតលើភាពបៃតងនឹងជួយជំរុញតម្លៃអចលនទ្រព្យ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអភិវឌ្ឍន៍បុរីជាច្រើនបានងាកមកគិតគូរ និងយកចិត្តទុកដាក់លើការប្រើប្រាស់គោលការណ៍បៃតងក្នុងផែនការអភិវឌ្ឍន៍ ដើម្បីចាប់យកចំណែកទីផ្សារអចលនទ្រព្យកាន់តែច្រើន។

អ្នកជំនាញមើលឃើញថា និន្នាការនេះមិនត្រឹមតែផ្តល់នូវតម្លៃបន្ថែម (Value Added) ដល់ក្រុមហ៊ុន ក៏ដូចជាគម្រោងបុរីប៉ុណ្ណោះទេ តែថែមទាំងបានជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងផ្តល់នូវភាពរឹងមាំផងដែរ។

លោក Phillip Tan ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិជាច្រើន បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសពិសេសជាមួយគេហទំព័រ Property Area Asia នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ថា នាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយចំនួនបានងាកមកប្រើប្រាស់គោលការណ៍បៃតង និងការទទួលខុសត្រូវចំពោះសង្គម នៅក្នុងគម្រោងបុរីរបស់ខ្លួន ដូចជាមានសួនច្បារបៃតង ដែលអនុញ្ញាតិឱ្យអតិថិជនមកហាត់ប្រាណ សម្រាកលំហែររួមគ្នា ធ្វើទំនាក់ទំនងជាមួយគ្នា ជាដើម។

អ្នកជំនាញរូបនេះពន្យល់ថា គោលការណ៍នេះគឺ ESG (Environmental, social, and governance) សំដៅដល់ការវិនិយោគ ដែលគិតគូរដល់បរិស្ថាន លក្ខខណ្ឌសង្គមប្រកបដោយការទទួលខុសត្រូវ និងអភិបាលកិច្ចល្អ ថាតើគម្រោងនោះមានការសាងសង់លើសចំណុះទេ មានការប្រើប្រាស់ថាមពលឡើងវិញទេ និងថាតើមានទីធ្លារួមសម្រាប់សម្រាកលំហែទេ។ល។

ឆ្លើយតបនឹងសំណួរថា តើការមិនអនុវត្តគោលការណ៍ខាងលើ នឹងជះឥទ្ធិពលយ៉ាងណា ដល់គម្រោងបុរី លោក Phillip Tan បញ្ជាក់ថា “សព្វថ្ងៃ អ្នកអភិវឌ្ឍន៍កំពុងតែប្រកួតប្រជែងគ្នា។ យើងត្រូវសួរខ្លួនឯងគឺថា តើគម្រោងនេះនឹងក្លាយជាគម្រោងរយៈពេលខ្លី ដែលគ្រាន់តែកសាងហើយរួចជាស្រេច ឬយើងបានប្តេជ្ញាចិត្តឈរជើងជាអ្នកអភិវឌ្ឍន៍ដ៏រឹងមាំបំផុតក្នុងរយៈពេលវែង ឬយ៉ាងណា”។

លោកថា “នៅពេលដែលអ្នកវិនិយោគ ឬអតិថិជនដែលចង់ទិញទ្រព្យណាមួយ គេសម្លឹងមើលចំណុចទាំងអស់នេះ ថាតើអ្នកអភិវឌ្ឍន៍អាចផ្តល់នូវអ្វីបន្ថែមទៀត ក្រៅពីការផ្តល់ត្រឹមតែផ្ទះ? ដូច្នេះនេះ គឺជាតម្លៃបន្ថែមសម្រាប់ការប្តេជ្ញាចិត្ត និងការរីកចម្រើនរបស់ក្រុមហ៊ុនរបស់អ្នក”។
លោកសង្កត់ធ្ងន់ថា “ការប្រកួតប្រជែងកើតមានរវាងអ្នកអភិវឌ្ឍន៍។ ការប្រកួតប្រជែងមិនមែនកើតមានរវាងអ្នកទិញនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here