សំណង់វិមានឯករាជ្យក្នុងទីក្រុងកំពង់ចាមសម្រេចបាន៩០ភាគររយហើយ

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដំណើរការសាងសង់វិមានឯករាជ្យ ក្នុងទីក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចបានប្រមាណ៩០ភាគររយហើយ ស្របពេលអភិបាលខេត្តបានជម្រុញល្បឿនសាងសង់ ដើម្បីធ្វើជាទីតាំងសម្រាប់រៀបចំទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។

ក្នុងពេលអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់វាមានឯករាជ្យខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដាក់ផែនការឲ្យអ្នកម៉ៅការ សាងសង់វិមានឯករាជ្យឲ្យរួចរាល់។

លោកអភិបាលខេត្តបានបញ្ជាក់ថា វិមានឯករាជ្យ ត្រូវតែសាងសង់ឲ្យរួចរាល់ទាំងប្រព័ន្ធ ទឹក ភ្លើង ក្នុងរយៈពេល១៥ថ្ងៃទៀត គឺត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ ដោយទុកពេលវេលា៥ថ្ងៃ សម្រាប់រៀបចំសំអាត ដើម្បីសម្ពោ​ធ និងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ឆ្នាំ២០២២ តែម្ដង។

សំណង់វិមានឯករាជ្យខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានចាប់ដំណើការសាងសង់ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ធ្លាប់ប្រាប់ឲ្យដឹងថា ការរៀបចំសាងសង់វិមានឯករាជ្យនេះឡើង ដើម្បីជាកន្លែងប្រារព្ធពិធីរំលឹក ខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ និងជាការរំលេចនូវស្នាដៃ ជាប្រវត្តិសាស្រ្ត នៃការអបអរសាទរ បុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូជនីយកិច្ច ពីសំណា​ក់ព្រះបរមរតនកោដ្ឋ បានទាមទារឯករាជ្យពីអាណានិគមបារាំង និងបន្សល់ទុកស្នាដៃជាប្រវត្តិសាស្រ្ត ដល់ប្រជាពលរដ្ឋរបស់យើង និងកូនចៅជំនាន់ក្រោយ។

ម្យ៉ាងទៀត សំណង់វិមានឯករាជ្យមួយនេះ ក៏ជាការចូលរួមចំណែក លើកកម្ពស់សោភ័ណភាព ក្នុងក្រុងកំពង់ចាម មួយផ្នែកធំផងដែរ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលមកកំសាន្តនៅខេត្តកំពង់ចាម ពួកគាត់អាចមកទស្សនាវិមានឯករាជ្យ ដែលមានលម្អទៅដោយសួនច្បារ និងភ្លើងពណ៌លើកកម្ពស់សោភ័ណភាព ក្នុងក្រុងកំពង់ចាម នឹងសម្រាប់ឈានទៅប្រកួតប្រជែងទីក្រុងស្អាត នាពេលខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here