ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជម្រុញការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតកាលពីពេលថ្មីៗនេះ និងរំពឹងថា ផ្លូវល្បឿនលឿនខ្សែទី២នេះ នឹងអាចបើកការដ្ឋានសាងសង់នាឆ្នាំក្រោយ។
យ៉ាងណាក្ដីខេត្តព្រៃវែង ដែលផ្លូវល្បឿនលឿន នឹងត្រូវរត់កាត់ខេត្តនេះផងដែរនោះ ក៏មិនបានធ្វើឲ្យទីផ្សារអចលនទ្រព្យ ក្នុងខេត្តនេះកំរើកនៅឡើយ។
-->
ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding លោកម៉ៅ មុនីរតនា បានប្រាប់Property Area នៅរសៀលថ្ងៃទី១៩ តុលា ២០២២នេះឱ្យដឹងថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ លោកមើលឃើញថាសកម្មភាព នៃការស្វែងរកទីតាំងវិនិយោគ ឬសកម្មភាពនៃការដោះដូរអចលនទ្រព្យ ក្នុងខេត្តព្រៃវែងកាន់តែស្ងាត់ ។
លោកបន្តថា “គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតវានឹងផ្ដល់ផលអំណោយផលដល់ខេត្តព្រៃវែងនាពេលខាងមុខ”។លោកបន្តដោយសុទិដ្ឋិនិយមថា “ប៉ុន្តែក្នុងពេលនេះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកល ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩ផង និងវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនផង ទើបធ្វើឱ្យការវិនិយោគមកពីបរទេសបន្តថមថយ និងមានចំនួនតិចតួច ប៉ុន្តែបើសិនជាស្ថានភាពសេដ្ឋកិច្ចល្អប្រសើរនោះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងធ្វើឱ្យសក្ដានុពលខេត្ត ព្រៃវែងមានសន្ទុះខ្លាំង”។

លោកមុនីរតនាបានបន្តថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ ពួកយើងបានដាក់ផ្លាកលក់ដី ឬអចលនទ្រព្យក្នុងខេត្ត កុំថាឡើយមានការទិញសូម្បីតែទូរសព្ទមកសួរនាំក៏អត់ដែរ ដែលបានមានន័យថាកាន់តែស្ងាត់មែនទែន។
លោកបន្ថែមថា ថ្វីត្បិតតែសកម្មភាពនៃការដោះដូរ ស្ងប់ស្ងាត់ជាងមុនពិតមែនតែតម្លៃអចលនទ្រព្យរួមមានដីធ្លី និងផ្ទះសំបែងជាដើមមិនមានការថមថយទេ ពោលគឺនៅរក្សាតម្លៃថេរដដែល គ្រាន់តែមិនមានអ្នកទិញ ហើយគម្រោងអភិវឌ្ឍន៍មួយចំនួន បានអនុវត្តន៍នាពេលកន្លងមក ក៏អត់ផ្អាកដំណើរការដែរ គឹនៅតែបន្តសកម្មភាពគម្រោងរបស់គេដដែល ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានលើកឡើងនាពេលកន្លងមកថា ដរាបណាវិនិយោគិនបរទេសមិនទាន់ចូលមកកម្ពុជាច្រើន ដូចមុនពេលវិបត្តិ ការវិនិយោគអចលនទ្រព្យ ឬក៏វិស័យអចលនទ្រព្យទាំងមូល នឹងប្រសើរដូចកាលមុនវិបត្តិនោះទេ។
លោកបន្តថា “ការវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក ជាចំណែកមួយ ដែលជួយទប់មិនឱ្យវិស័យនេះធ្លាក់ចុះ ឬអាក្រក់កាន់តែខ្លាំង”។លោកបន្ថែមថា “ចរន្តនៃការវិនិយោគរបស់វិនិយោគិន ក្នុងស្រុកក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះឃើញថា កាន់តែមានកំណើនឡើង ដែលអាចនិយាយបានវាជាឱកាសមួយ សម្រាប់វិនិយោគិនក្នុងស្រុក ក្នុងការពង្រីកអាជីវកម្មអចលនទ្រព្យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា”៕
