ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលជាផ្លូវប្រវត្តិសាស្រ្តនេះ បានផ្ដល់វិជ្ជមានជាច្រើនដល់សេដ្ឋកិច្ច និងអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែយ៉ាងណាផ្លូវល្បឿនលឿននេះ មិនទាន់ទាក់ទាញការវិនិយោគបន្ថែម នៅក្នុងខេត្តនេះនៅឡើយទេ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៩ តុលាថា ផ្លូវល្បឿនលឿនតែមួយមុខមិនអាចទាក់ទាញ ឬបង្កើនការវិនិយោគ នៅក្នុងខេត្តព្រះសីហនុឬក៏ប្រទេសកកម្ពុជាទាំងមូលបានទេ តែយ៉ាងណាក៏ឃើញថា សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម នៅក្នុងខេត្តព្រះសីហនុ ហាក់មានដំណើរការល្អឡើងវិញ ចាប់តាំងពីដំណើរការផ្លូវល្បឿនលឿននេះមក។
-->

លោកបន្តថា “ទោះបីជាយើងមានផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញមកក្រុងព្រះសីហនុមែន តែស្ថានភាពសេដ្ឋកិច្ចសកល ដែលបណ្ដាលមកពីវិបត្តិធំៗនៅមិនទាន់ចប់នៅឡើយ គឺវិបត្តិកូវីដ១៩ និងវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបណ្ដាលឱ្យមានវិបត្តិកាន់តែអូសបន្លាយ”។
លោកបន្ថែមថា យ៉ាងណាកក្ដីគម្រោង ដែលបានផ្អាកដំណើរការសាងសង់បណ្ដោះអាសន្ន នៅខេត្តព្រះសីហនុនាពេលកន្លងមក ក៏ឃើញថាចាប់ផ្ដើមសាងសង់ឡើងវិញ រយៈពេលប៉ុន្មានខែកន្លងមកនេះ តែក្រោយពេលគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បើកដំណើរការ សាកល្បងយើងមិនទាន់មានគម្រោងថ្មីៗច្រើន ចូលមកខេត្តព្រះសីហនុនៅឡើយ។ ប៉ុន្តែយ៉ាងណា យើងនៅតែមានក្ដីរំពឹងខ្ពស់ ពីការវិនិយោគពីបរទេស នៅពេលឆាប់ៗខាងមុខនេះដែរ ។

អ្នកនាងគឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងវាយតម្លៃនៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានលើកឡើងថា សកម្មភាពទេសចរណ៍ក្នុងស្រុកមានកំណើនឡើង ពិសេសនៅក្នុងខេត្តព្រះសីហនុ នឹងមិនជំរុញឱ្យមានសកម្មភាព វិនិយោគអចលនទ្រព្យខ្លាំងនោះទេ ។ សកម្មភាពនេះ នឹងចាប់ផ្ដើមល្អប្រសើរ នៅពេលស្ថានភាពសេដ្ឋកិច្ចសកលមានស្ថានភាពល្អ និងវិបត្តិសកលក៏លែងមានបញ្ហា ទើបជនបរទេសចេញស្វែងរកការវិនិយោគនៅក្រៅប្រទេសដូចមុនបាន៕
