អ្នកស្រីតាំង ហួរបង្ហាញវិធីសាស្រ្តលក់អចលនទ្រព្យឆាប់ដាច់ក្នុង អំឡុងមានវិបត្តិ

0

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងកាលៈទេសៈប្រឈមនឹងវិបត្តិសេដ្ឋកិច្ច អ្នកជំនាញអចល​នទ្រព្យមើលឃើញថា ចំនួននៃអ្នកលក់ទ្រព្យ មានច្រើនជាងចំនួន នៃអ្នកទិញអចលនទ្រព្យ ដែលជំរុញឲ្យម្ចាស់ទ្រព្យមួយចំនួន បង្ខំចិត្តលក់ចេញ ក្រោមតម្លៃទីផ្សារ ចន្លោះ ២០ទៅ ៣០ភាគរយធ្វើយ៉ាងណា ដើម្បីងាយស្រួលក្នុងការលក់ទ្រព្យនោះចេញ។

អ្នកស្រី តាំង ហ៊ួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសពិសេសមួយជាមួយគេហទំព័រ Property Area Asia នៅដើមសប្តាហ៍នេះថា ក្នុងកំឡុងវិបត្តិរយៈពេល០២ឆ្នាំកន្លងមកនេះ តម្លៃទីផ្សារអចលនទ្រព្យមានការកើនឡើងមិនច្រើនទេ ដោយភាគច្រើនកើតឡើងនៅតាមតំបន់ ដែលមានការអភិវឌ្ឍខ្លាំងតែប៉ុណ្ណោះ។

លោកស្រីឱ្យដឹងថា “ក្នុងករណីដែលម្ចាស់ទ្រព្យ ត្រូវការសាច់ប្រាក់បន្ទាន់ ហើយមានបំណងចង់លក់ទ្រព្យឆាប់ចេញ គាត់ត្រូវសម្រេចចិត្តលក់ទ្រព្យនោះចេញ ក្នុងតម្លៃទាបជាងទីផ្សារកាលពីប៉ុន្មានឆ្នាំមុន ពេលមានវិបត្តិ”។លោកស្រីបញ្ជាក់ថា “ប្រសិនបើយើងត្រូវការលក់យកលុយលឿនដើម្បីបង្វិល ទាល់តែយើងលក់តម្លៃក្រោមទីផ្សារប្រមាណ២០ ទៅ៣០ភាគរយ”។

លោកស្រីបានបញ្ជាក់ឱ្យដឹងថា ក្នុងដំណាក់កាលនេះ សម្រាប់ដីធ្លីនៅតាមបណ្តាខេត្ត មានការនិយមសម្រាប់ប្រភេទដីធ្វើជាផ្ទះលំហែ ឬកន្លែងកំសាន្ត ច្រើនជាងប្រភេទអចលនទ្រព្យទូទៅ។ ចំណែកអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ នៅតែបន្តងាយស្រួលក្នុងការលក់ដូរ គ្រាន់តែម្ចាស់ទ្រព្យត្រូវទម្លាក់តម្លៃក្រោមទីផ្សារបន្តិចបន្តួច។

លោកស្រីតាំង ហួរបានបន្ថែមថា “ជាធម្មតា អ្នកលក់ចង់បានតម្លៃខ្ពស់ ឯអ្នកទិញចង់បានតម្លៃទាប។ ក្នុងករណីនេះ ទាមទារឲ្យមានអាជ្ញាកណ្តាល និងការសម្របសម្រួលគ្នា ដើម្បីសម្រេចការលក់ដូរទ្រព្យបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here